×

Newcastle United ពិចារណានាំយកខ្សែបម្រើ Bryan Mbeumo ពី Brentford

Newcastle United កំពុងសម្លឹងមើលឃើញខ្សែបម្រើ Bryan Mbeumo របស់ Brentford ជាគោលដៅនាំមុខគេសម្រាប់ទីផ្សារដោះដូរកីឡាករខែមករា ដោយទីតាំងស្លាបស្តាំរបស់ក្រុមត្រូវបានកំណត់ថាជាតំបន់សំខាន់ដើម្បីពង្រឹង។

កីឡាករជនជាតិកាមេរូន បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យរបស់គេក្នុងរដូវកាលនេះ ហើយ Newcastle United បានចាត់ទុករូបគេជាការបន្ថែមដ៏ល្អឥតខ្ចោះដើម្បីបង្កើនភាពរឹងមាំរបស់ក្រុមនាពេលខាងមុខ។

បន្ទាប់ពីការចាកចេញរបស់  Ivan Toney ទៅកាន់ក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli  រួចមក Bryan Mbeumo បានចូលជំនួសទីតាំងនោះនិងបានក្លាយជាកីឡាករសំខាន់មួយរូបរបស់ Brentford ។ បច្ចុប្បន្ន កីឡាករវ័យ២៥ឆ្នាំ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី ២ នៅក្របខណ្ឌ Premier League 2024-25 ក្រោយឆ្លងកាត់ការប្រកួត ៩ សប្តាហ៍មកនេះ ដោយបានស៊ុតបញ្ចូលទី៨ គ្រាប់ តាមពីក្រោយ Erling Haaland របស់ Manchester City ចំនួន៣គ្រាប់។

ការចាប់អារម្មណ៍ទៅលើ Bryan Mbeumo ពីសំណាក់ Newcastle United បានកើនឡើង ក្រោយពីរូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងចំណោមលទ្ធផល ៤-៣ ដោយបានជួយ Brentford វាយបកយកឈ្នះ  Ipswich Town វិញកាលពីចុងសប្តាហ៍កន្លងទៅ ដោយធ្វើអោយចំនួនគ្រាប់បាល់សរុបរបស់គេសម្រាប់ក្លិបកើនឡើងដល់ទៅ ៥៨ គ្រាប់ និងការចែកបាល់សម្រេចទី ៤២ដង ក្នុងការបង្ហាញខ្លួន២១០ ប្រកួត។

ភាពប៉ិនប្រសប់ និងសមត្ថភាពស៊ុតបញ្ចូលទីរបស់ Bryan Mbeumo បានធ្វើអោយរូបគេក្លាយជាបេក្ខភាពលេចធ្លោសម្រាប់ក្រុម Newcastle United ដែលដឹកនាំដោយគ្រូបង្វឹកលោក Eddie Howe នាពេលបច្ចុប្បន្ន ។ ការបន្ថែមវត្តមាន Mbeumo នឹងមិនត្រឹមតែនាំ Newcastle United នូវការស្វែងគ្រាប់បាល់ដ៏ល្អប៉ុណ្ណោះទេ តែរូបគេក៏នឹងជួយបង្កើនភាពវិជ្ជមានដល់ក្លិបផងដែរ។

យ៉ាងណាមិញ Newcastle United អាចនឹងមានភាពពិបាកក្នុងការនាំយក Bryan Mbeumo ដ្បិតអី ក្លិបធំៗដទៃទៀតនៅក្របខណ្ឌ Premier League ដែលមានទាំង  Liverpool និង Arsenal ក៏កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាកររូបនេះ ហើយត្រូវបានគេរាយការណ៍ថានឹងធ្វើការចរចាជាមួយ Brentford ជាមួយនឹងការផ្តល់ជូនសំណើល្អៗ។

ជាមួយនឹងទីផ្សារដោះដូរកីឡាករក្នុងខែមករាខិតជិតមកដល់ អ្នកគាំទ្រ Newcastle United សង្ឃឹមយ៉ាងអន្ទះសារចង់ឃើញការនាំយក Mbeumo មកបានសម្រេច ព្រោះវត្តមានរបស់គេអាចបន្ថែមសន្ទុះដល់គម្រោងនិងមហិច្ឆតារបស់ក្លិបនៅរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង