មានសេចក្តីរាយការណ៍មកថា ខ្សែបម្រើ Kalvin Phillips កំពុងស្វែងរកឱកាសកាត់បន្ថយរយៈពេលនៃការខ្ចីជើងរបស់ខ្លួនជាមួយក្លិបលីគកំពូលអង់គ្លេស Ipswich Town ដើម្បីវិលត្រលប់ទៅក្លិប Leeds United ដែលកំពុងលេងនៅលីគទី២អង់គ្លេសវិញ ប៉ុន្តែ គ្រូបង្វឹករបស់ Ipswich Town លោក Kieran McKenna បានបដិសេធការផ្សព្វផ្សាយទាំងអស់ ដោយបានបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់កីឡាករវ័យ២៨ឆ្នាំ ថាកំពុងមានភាពរីករាយជាមួយក្លិប។
ការផ្ទេរក្នុងតម្លៃដ៏ខ្ពស់ ៤៩លានផោនរបស់ Kalvin Phillips ទៅកាន់ Man City ក្នុងឆ្នាំ ២០២២ គឺជាការចាកចេញដែលធ្វើអោយអ្នកគាំទ្រ Leeds United ជាច្រើនមានភាពខកចិត្ត ប៉ុន្តែវាហាក់ជាអនាគតល្អសម្រាប់កីឡាករ។
យ៉ាងណាមិញ បន្ទាប់ពីបានឈ្នះពានរង្វាន់ Premier League និង UEFA Champions League ជាមួយ Man City រួចមក អាជីពរបស់ Kalvin Phillips នៅទឹកដី Etihad មិនបានល្អប្រសើរទៀតនោះទេ។ Kalvin Phillips បានបាត់បង់ឱកាសលេងជាមួយ Man City នឹងត្រូវបានបញ្ចេញអោយខ្ចីជើងទៅកាន់ West Ham United កាលពីរដូវកាលមុន រួចក៏បន្តលេងជាកីឡាករខ្ចីជើងអោយ Ipswich Town សម្រាប់រដូវកាល ២០២៤-២៥ នេះទៀត។
ថ្មីៗនេះ ក៏មានការផ្សព្វផ្សាយ ពីការចង់ចាកចេញរបស់គេ ទៅកាន់ក្លិប Leeds United ដែលជាក្លិបដំបូងនៅក្នុងអាជីព ប៉ុន្តែគ្រូបង្វឹក Ipswich Town លោក Kieran McKenna ក៏បានចេញមកបដិសេធការផ្សព្វផ្សាយ ដោយបានសង្កត់ធ្ងន់ថា ការវិលត្រឡប់របស់ Phillips ទៅ Leeds គឺមិនមាននៅក្នុងគម្រោងរបស់ក្លិបនោះទេ ហើយការផ្សព្វផ្សាយទាំងអស់នោះមិនសមហេតុសមផលទាំងស្រុង។
ក្លិបក៏នឹងបញ្ជាក់អោយច្បាស់ថា មិនមានការពិភាក្សាអំពីការបញ្ចប់កុងត្រាមុនកាលកំណត់របស់កីឡាករអង់គ្លេសនោះទេ។ ផ្ទុយទៅវិញ លោក McKenna បានគូសបញ្ជាក់ពីឥទ្ធិពលវិជ្ជមានរបស់ Phillips ទៅលើ Ipswich ដោយបង្ហាញថា រូបគេគឺជាផ្នែកសំខាន់មួយរបស់ក្រុម នៅពេលដែលក្រុមកំពុងព្យាយាមតស៊ូឡើងចេញពីតំបន់កាត់ចោល។
ចាប់តាំងពីចូលរួមជាមួយ Ipswich ក្នុងខែសីហាក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល Phillips បានចាប់ផ្តើមនៅក្នុងការប្រកួត Premier League ចំនួន៦ ដោយផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃដល់ក្រុម ទោះបីជាពួកគេស្ថិតនៅបាតតារាងក៏ដោយ។ ក្លិប Ipswich Town នៅតែប្តេជ្ញាចិត្តដើម្បីរក្សា Phillips ផ្តោតលើយុទ្ធនាការដែលកំពុងដំណើរការរបស់ក្លិប៕