×

Man UTD បណ្តេញលោក Erik ten Hag ចេញពីតំណែងគ្រូបង្វឹក

Man UTD បានសម្រេចចិត្តបណ្តេញលោក Erik ten Hag ចេញពីតំណែងជាគ្រូបង្វឹក ក្រោយការទទួលបានលទ្ធផលមិនល្អជាបន្តបន្ទាប់នៅរដូវកាលនេះ។

ជាការពិត ការបរាជ័យ ក្នុងការដឹកនាំ  Man UTD ប្រកួតចាញ់ West Ham ដោយលទ្ធផល ២-១ នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ បានក្លាយជាការប្រកួតចុងក្រោយ ដែលបានកំណត់វាសនា របស់លោក Erik ten Hag ជាមួយក្រុមបិសាចក្រហម។

វាគឺជាការបរាជ័យលើកទី ៤ ក្រោយឆ្លងកាត់ ៩ ប្រកួតនៃលីគកំពូលអង់គ្លេស រដូវកាល ២០២៤-២៥ ខណៈ Man UTD ក៏បានឈ្នះតែ ៣ ដង ស្មើ២ដង ធ្វើអោយពួកគេ មានតែ១១ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១៤ ។ ក្រៅពីការប្រកួតនៅក្របខណ្ឌ  Premier League ហើយ លោក Erik ten Hag ក៏ដឹកនាំ Man UTD ទទួលលទ្ធផលមិនសូវល្អផងដែរ នៅក្នុងការប្រកួតក្របខណ្ឌ UEFA Europa League ដោយស្មើទាំង៣ប្រកួត ក្នុងវគ្គ League Phase ដែលធ្វើអោយពួកគេមាន៣ពិន្ទុ ឈរលេខ២១ ក្នុងចំណោម ៣៦ក្រុម។

បុរសជនជាតិហូឡង់ ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តបញ្ចប់តំណែងរបស់ខ្លួន ដោយនាយកប្រតិបត្តិលោក Omar Berrada និងនាយកផ្នែកកីឡាលោក Dan Ashworth ក្នុងអំឡុងពេលកិច្ចប្រជុំទល់មុខគ្នានៅឯទីលានហ្វឹកហាត់ Carrington របស់ក្លិប។ ប្រភពពីក្លិប Man UTD បានសង្កត់ធ្ងន់ថា នេះជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាត្រូវបានធ្វើជាឯកច្ឆ័ន្ទ។

ការងាររបស់បុរសវ័យ៥៤ឆ្នាំគឺជាប្រធានបទវែកញែកយ៉ាងច្រើន កាលពីរដូវកាលមុន ខណៈដែល Man UTD បានកត់ត្រាការប្រកួតក្របខណ្ឌ Premier League ដ៏អាក្រក់បំផុតរបស់ពួកគេ។ ទោះជាយ៉ាងណា ការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដ៏គួរអោយភ្ញាក់ផ្អើលទៅលើក្រុម Man City បូករួមទាំងការពិតដែលលោក Ten Hag ត្រូវតស៊ូដឹកនាំទាំងដែលមានកីឡាកររងរបួសជាច្រើនធ្វើអោយប៉ះពាល់ដល់ទម្រង់លេងមិនល្អរបស់ក្រុមនោះ បានធ្វើអោយលោក Ten Hag មានឱកាសមួយផ្សេងទៀត។ លោក Ten Hag បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដើម្បីបន្តការស្នាក់នៅទឹកដី Old Trafford រហូតដល់ឆ្នាំ ២០២៦ និងទទួលបានឱកាសមួយផ្សេងទៀតដើម្បីស្តារក្រុមជើងឯកលីកកំពូលអង់គ្លេស ២០សម័យកាលអោយមានភាពរុងរឿងដូចអតីតកាលប៉ុន្តែ លទ្ធផលនៅដើមរដូវកាលនេះ បានបង្ហាញថាលោក Ten Hag នឹងមិនសម្រេចបាននោះទេ ដោយត្រឹមតែជាង ៣ ខែក្រោយការបន្តកុងត្រាថ្មីលោកក៏ត្រូវបានបណ្តេញចេញ។

ក្រោយការចាកចេញរបសស់លោក Erik ten Hag ក្លិប Man UTD បានតែងតាំងលោក Ruud van Nistelrooy ជំនួយការរបស់លោក Erik ten Hag កាលពីរដូវក្តៅមុន មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នសិន ខណៈដែលក្លិប កំពុងស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ទី៦របស់ខ្លួន ដែលរំពឹងថានឹងដឹកនាំក្លិបទទួលលទ្ធផលល្អដូចលោក  Alex Ferguson ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០១៣មក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង