×

គ្រូ Arsenal រំពឹងខ្សែបម្រើ Martin Ødegaard វិលមកទីលានវិញ ២សប្តាហ៍ខាងមុខ

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា លោករំពឹងថា ខ្សែបម្រើ Martin Ødegaard នឹងអាចធូរស្រាលរបួស ហើយមានភាពពេញលេញ ដើម្បីវិលមកជួយក្រុមវិញ នៅ២សប្តាហ៍ខាងមុខ មុនការសម្រាកអន្តរជាតិខែវិច្ឆិកាចូលមកដល់។

ជាការពិត Arsenal មិនមានវត្តមានប្រធានក្រុម Martin Ødegaard ចាប់តាំងពីរូបគេបានរងរបួសជង្គង់ អំឡុងការប្រកួតអោយក្រុមជម្រើសជាតិន័រវេស តាំងពីខែកញ្ញា។ អវត្តមានរបស់កីឡាករវ័យ ២៥ឆ្នាំ បានប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមកាំភ្លើងធំ ដែលជាហេតុធ្វើអោយលោក Mikel Arteta ចង់បានកីឡាករត្រឡប់មកវិញ អោយបានឆាប់ៗ។

លោក Mikel Arteta បានអោយដឹងថា “Martin Ødegaard មិនបានលេងអោយក្រុមជាច្រើនសប្តាហ៍មកហើយ ។ អវត្តមានរបស់គេបានធ្វើអោយប៉ះពាល់ក្រុម ហើយខ្ញុំមានក្តីរំពឹងថា រូបគេនឹងអាចវិលមកវិញឆាប់ៗ ដើម្បីជួយក្រុមទទួលបានលទ្ធផលល្អឡើងវិញ។”

អវត្តមានរបស់ Martin Ødegaard នៅក្នុងខែតុលានេះ បានធ្វើអោយក្រុម Arsenal មានលទ្ធផល នៃការប្រកួត Premier League ឈ្នះ ១ ចាញ់១ ស្មើ១ មាន១៨ពិន្ទុ ឈរលេខ៣។

ក្រៅពី Martin Ødegaard ហើយ ក្រុម Arsenal ក៏កំពុងមានបញ្ហាកីឡាករផ្សេងទៀតរងរបួសដូចជា ខ្សែការពារ Riccardo Calafiori, Gabriel Magalhães និង Jurriën Timber ។

Arsenal និងមានការប្រកួត ពានរង្វាន់ EFL Cup ជុំទី៤ ទល់នឹងក្រុមលីគទី២ Preston North End នៅយប់នេះ មុនបន្តការប្រកួតក្របខណ្ឌ Premier League ទល់នឹង Newcastle United នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង