×

ខ្សែប្រយុទ្ធ Diogo Jota នឹងអវត្តមានដល់ការសម្រាកអន្តរជាតិខែវិច្ឆិកាព្រោះរបួស

ខ្សែប្រយុទ្ធ Diogo Jota នឹងអវត្តមានពីការប្រកួតរបស់ Liverpool រហូតដល់បញ្ចប់ការសម្រាកអន្តរជាតិខែវិច្ឆិកា ដោយសាររបួសឆ្អឹងជំនី។ នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹកលោក Arne Slot ។

កីឡាករព័រទុយហ្កាល់ បានរងរបួសអំឡុងពេលការប្រកួតដែល Liverpool ឈ្នះ Chelsea ២-១ នៅក្នុងជំនួបលីគកំពូលអង់គ្លេស សប្តាហ៍ទី ៨ ក្រោយបានប៉ះទង្គិចជាមួយខ្សែការពារ Tosin Adarabioyo។

របួសឆ្អឹងជំនី មានស្ថានភាពមិនល្អ ដែលអាចនាំអោយ Diogo Jota ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ ៦សប្តាហ៍ ហើយរូបគេ មិនបានចូលរួមការប្រកួតរបស់ Liverpool ចំនួន ២ប្រកួតមកហើយ គឺការប្រកួតស្មើ Arsenal ២-២ នៅ Premier League និងការប្រកួត ឈ្នះ RB Leipzig ១-០ នៅ UEFA Champions League ។

ឥឡូវនេះ របាយការណ៍ចុងក្រោយបានអោយដឹងថា កីឡាករវ័យ២៧ឆ្នាំ នឹងបន្តខកខានការប្រកួតរបស់ Liverpool ចំនួន៤ប្រកួតទៀត ប៉ុន្តែរូបគេទំនងអាចវិលមកវិញក្រោយបញ្ចប់ការសម្រាកអន្តរជាតិ ចាប់ពីថ្ងៃទី១១ដល់១៩ នៅខែវិច្ឆិកាខាងមុខ។

ជុំវិញបញ្ហារបួសរបស់ Diogo Jota នេះដែរ លោក Arne Slot បានអោយដឹងថា ភាពឈឺចាប់របស់កីឡាករនៅតែកើតមានដដែល ហើយវាមិនអនុញ្ញាតអោយរូបគេធ្វើអ្វីធ្ងន់ធ្ងរទេនៅពេលនេះ។

អវត្តមានរបស់ Jota ធ្វើអោយមានផលប៉ះពាល់ខ្លះៗសម្រាប់ Liverpool ខណៈដែលរូបគេបានដើរតួយ៉ាងសំខាន់ក្នុងការចាប់ផ្តើមរដូវកាលដ៏គួរអោយចាប់អារម្មណ៍ របស់ក្រុមហង្សក្រហម។ Diogo Jota បានចូលរួមចំណែកស៊ុតបញ្ចូលចំនួន ៤ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ២ លើករួចមកហើយក្នុងការបង្ហាញខ្លួន ១០ ដងនៅគ្រប់ការប្រកួតទាំងអស់។

ដោយឡែក Liverpool នឹងមានការប្រកួតទល់នឹង Brighton ក្នុងការប្រកួតជុំទី៤ ពានរង្វាន់ EFL Cup នៅយប់នេះ ហើយពួកគេនឹងបន្តការប្រកួតទល់នឹង Brighton ម្តងទៀត ក្នុងពានរង្វាន់ Premier League វិញ នៅចុងសប្តាហ៍នេះ។

ឆ្លងកាត់ ៩ប្រកួត នៅ Premier League ក្រុម Liverpool ឈ្នះ ៧ ស្មើ ១ ចាញ់ ១ មាន២២ពិន្ទុ តិចជាងក្រុមកំពូលតារាង Manchester City ចំនួន១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង