Man UTD បានប្រកាសបណ្ដេញលោក Erik Ten Hag ចេញតំណែងហើយ កាលពីពេលថ្មីៗនេះ និងបានអោយលោក Ruud van Nistelrooy ចូលកាន់តំណែងជាគ្រូបង្វឹកក្រុមបិសាចក្រហមជាបណ្ដោះអាសន្នសិន។
ដ្បិតតែអោយលោក Ruud van Nistelrooy ចូលកាន់តំណែងបណ្ដោះអាសន្នមែន តែ Man UTD ក៏ពិតមែន ក៏ក្លិបកំពុងតែតាមចែចូវបុរសដែលកាន់កាប់កំណត់ត្រាដ៏គួរអោយចាប់អារម្មណ៍នៅព័រទុយហ្គាល់ម្នាក់នេះមកជំនួសកន្លែងរបស់លោក Ten Hag ដែរ។
ជាក់ស្តែង លោក Ruben Amorim គ្រូបង្វឹក Sporting CP បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា កំពុងតែស្ថិតក្នុងជម្រើសខ្ពស់បំផុតដែល Man UTD ចង់បាន។
បុរសវ័យ៣៩ឆ្នាំរូបនេះកំពុងតែកាន់កាប់កំណត់ត្រាដឹកនាំ Sporting CP មិនចាញ់សោះ ៩ប្រកួតឈ្នះទាំងអស់នៅក្របខណ្ឌ Primeira Liga ហើយកាលពីរដូវកាលមុនក៏បានដឹកនាំ ក្រុម គ្រងជើងឯកលីគកំពូលព័រទុយហ្គាល់ មួយនេះផងដែរ។ មិនត្រឹមដឹកនាំល្អនៅលីគព័រទុយហ្គាល់ប៉ុណ្ណោះទេនៅក្របខណ្ឌ UEFA Champions League ក៏លោក Ruben Amorim ដឹកនាំមិនចាញ់ដូចគ្នាពោលគឺឆ្លងកាត់ ៣ប្រកួត ឈ្នះ ២ និងស្មើ១។ ចំពោះការចរចាពិភាក្សារវាង Man UTD ជាមួយលោក Ruben Amorim មិនទាន់ត្រូវបានបញ្ចេញអោយដឹងនោះទេ។
កន្លងមក លោក Ruben Amorim ត្រូវបានផ្សារភ្ជាប់ទៅនឹងការទៅដឹកនាំក្លិបនៅក្របខណ្ឌ Premier League ជាច្រើនដែលមានដូចជា Liverpool ដែលមានការផ្សព្វផ្សាយជាច្រើនជឿថា បុរសជនជាតិព័រទុយហ្កាល់នឹងចូលទៅជំនួសលោក Juergen Klopp ប៉ុន្តែចុងក្រោយក្លិបហង្សក្រហមបែរជាជ្រើសរើសយកលោក Arne Slot។ លោក Ruben Amorim ក៏ត្រូវផ្សារភ្ជាប់ការទៅដឹកនាំ West Ham United ជំនួសលោក David Moyes ប៉ុន្តែចុងក្រោយលោកបានសម្រេចចិត្តបន្តដឹកនាំ Sporting CP ដដែល។
ដោយឡែក សារពត៌មាននៅព័រទុយហ្កាល់បានរាយការណ៍ថា ការដឹកនាំរបស់លោក Ruben Amorim ក្នុងការប្រកួតដែល Sporting CP បានឈ្នះក្រុម Nacional ៣-១ ក្នុងពានរង្វាន់ Portuguese League Cup វគ្គ៨ក្រុមចុងក្រោយ អាចជាការបង្ហាញខ្លួនចុងក្រោយរបស់លោកជាមួយក្រុមហើយ។
ប្រសិនបើលោក Ruben Amorim មកដឹកនាំ Man UTD ពិតមែនក៏វាមិនមែនជារឿងប្លែកដែរ ដោយរូបលោកធ្លាប់មានបទពិសោធការងារនៅកីឡដ្ឋាន Old Trafford រួចហើយ ដោយការធ្វើជាជំនួយការគ្រូបង្វឹកលោក Jose Mourinho កាលពី៦ឆ្នាំមុន ៕