គ្រូបង្វឹក Arsenal លោក Mikel Arteta ក៏ដូចជាគ្រូបង្វឹកក្រុមដទៃនៅក្នុងក្របខណ្ឌ Premier League បាននាំគ្នាលើកឡើងអំពីរឿងរ៉ាវ ដែលក្លិប Man UTD បញ្ចប់តំណែងរបស់លោក Erik ten Hag បន្ទាប់ពីក្រុមចាប់ផ្តើមការប្រកួតមិនបានល្អនៅដើមរដូវកាលថ្មី។
ជាការពិត ក្លិប Man UTD បានបញ្ចប់តំណែងរបស់លោក Erik ten Hag ក្រោយពីក្រុមបានប្រកួតចាញ់ក្រោមថ្វីជើង West Ham United លទ្ធផល ២-១ ដែលជាការប្រកួតចុងក្រោយស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិហូឡង់។ ការសម្រេចចិត្តបញ្ចប់តំណែងរបស់លោក Ten Hag ធ្វើឡើងក្រោយពេលក្រុមជួបបញ្ហាទម្រង់លេង ក៏ដូចជាទទួលបានលទ្ធផលមិនល្អ ដោយក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ ក្នុងតារាង Premier League។
លោក Mikel Arteta គ្រូបង្វឹក Arsenal បានផ្ញើសារលើកទឹកចិត្ត លោក Ten Hag និងថែមទាំងលើកឡើងពីបញ្ហាក្នុងវិស័យបាល់ទាត់ថា គឺជារបៀបរបបនៃអាជីវកម្ម ខណៈមនុស្សគ្រប់គ្នារួមមានអ្នកគ្រប់គ្រងក្លិប និងអ្នកគាំទ្ររបស់ក្លិបគឺតែងតែទាមទាររកលទ្ធផលល្អជាចាំបាច់បំផុត។ លោក Arteta ក៏បានសរសើរពីរបៀបដឹកនាំរបស់លោក Erik ten Hag ដែលបានជួយ កែប្រែ Man UTD ល្អប្រសើរច្រើន។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបាននិយាយដូច្នេះថា “ ខ្ញុំពិតជាសរសើរលោក Ten Hag ដោយលោកបានកែប្រែក្រុមបិសាចក្រហមអោយរកឃើញភាពល្អប្រសើរច្រើន រួមទាំងដឹកនាំរហូតឈ្នះពានរាល់ឆ្នាំ។ យ៉ាងណា តំណែងជាគ្រូបង្វឹក គឺតែងតែស្ថិតនៅត្រង់ចំណុចមួយក្តៅជារៀងរហូត នៅពេលក្រុមចាញ់គឺនឹងជួបបញ្ហាប្រឈមខ្លាំង និងនៅពេលក្រុមឈ្នះគឺទទួលបានការសរសើរបន្តិចបន្តួច។”
បច្ចុប្បន្ន Man UTD កំពុងតែស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំរយៈពេលវែង ដើម្បីបន្តគម្រោងរបស់ក្រុមក្នុងការប្រកួតប្រជែងក្នុងរដូវកាល ២០២៤-២៥។ ពួកគេកំពុងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្តលោក Ruud Van Nistelrooy ខណៈក្លិបកំពុងទាក់ទងលោក Ruben Amorim គ្រូបង្វឹក របស់ក្លិប Sporting CP និងជាបេក្ខភាពឈានមុខគេបង្អស់។
នាពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយថា Man UTD ខិតជិតដល់ការយល់ព្រមព្រៀងគ្នាក្នុងការផ្តាច់កុងត្រានាំយកលោក Amorim ពីក្លិប Sporting CP ហើយក្លិបត្រូវបង់ថ្លៃផ្តាច់កុងត្រាទាំងអស់ ដើម្បីអាចយកបានបុរសវ័យ ៣៩ឆ្នាំ មកទឹកដី Old Trafford៕