×

លោក Ruben Amorim ថា ចង់ឈ្នះពាននៅ Man UTD ដូចលោក Jose Mourinho

លោក Ruben Amorim បាននិយាយថា លោកចង់ឈ្នះពានរង្វាន់នៅក្នុងក្លិប Man UTD ដូចពេលដែលលោក Jose Mourinho ធ្លាប់ធ្វើ បើសិនលោកបានទៅដឹកនាំនៅទឹកដី Old Trafford។

Man UTD ដែលទើបតែបញ្ចប់តំណែងគ្រូបង្វឹកលោក Erik ten Hag កំពុងតែជជែកជាមួយនឹងក្លិប Sporting CP ក្នុងការផ្តាច់កិច្ចសន្យានាំយកគ្រូបង្វឹកលោក Ruben Amorim មកកាន់តំណែង។

ការជជែករវាង Man UTD ជាមួយនឹង Sporting CP គិតមកដល់ពេលនេះគឺមានរហូតដល់ ៩៩ភាគរយ ដែលក្លិបបិសាចក្រហម នឹងនាំយកបុរសសញ្ជាតិព័រទុយហ្កាល់មកជួយសង្គ្រោះក្រុមក្នុងរដូវកាល ២០២៤-២៥។ សារពត៌មាននៅព័រទុយហ្កាល់បានរាយការណ៍ថា ការដឹកនាំរបស់លោក Ruben Amorim ក្នុងការប្រកួតដែល Sporting CP បានឈ្នះក្រុម Nacional ៣-១ ក្នុងពានរង្វាន់ Portuguese League Cup វគ្គ៨ក្រុមចុងក្រោយ អាចជាការបង្ហាញខ្លួនចុងក្រោយរបស់លោកជាមួយក្រុមហើយ។

ប្រវត្តិដឹកនាំ Sporting CP របស់លោក Ruben Amorim គឺលោកបានប្រើពេល ៣រដូវកាល ជួយក្រុមជើងខ្លាំងព័រទុយហ្កាល់ឈ្នះពានរង្វាន់លីគកំពូលចំនួន ២លើក និងពានរង្វាន់ League Cup ចំនួន ២លើក ដូចគ្នា។

មានការជឿថា បើសិនការផ្លាស់ទៅដឹកនាំ Man UTD បានកើតឡើងនោះលោក Ruben Amorim នឹងអាចមានវិបត្តិមួយចំនួននៅពេលចាប់ផ្តើម ប៉ុន្តែសម្រាប់ បុរសវ័យ ៣៩ឆ្នាំ អះអាងថាចង់ឈ្នះពាននៅ Man UTD ដូចទៅនឹងពេលដែលលោក Jose Mourinho ជានិមិត្តរូបរបស់លោកធ្លាប់ធ្វើបាន។ លោក Amorim ធ្លាប់ធ្វើជាជំនួយការរបស់លោក Mourinho កាលពី៦ឆ្នាំមុន។ អំឡុងពេលដែលលោក Mourinho ធ្វើជាគ្រូបង្វឹក Man UTD កាលនោះ លោក Ruben Amorim ក៏ត្រូវបានអញ្ជើញអោយទៅរៀនវគ្គខ្លីក្នុងកីឡដ្ឋាន Old Trafford ពីរបៀបនៃការដឹកនាំក្រុម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង