
សារព័ត៌មាន Beinsports បានអោយដឹងថា ខ្សែការពារ William Saliba របស់ក្លិប Arsenal កំពុងស្ថិតក្នុងការចង់បានពីក្លិប Real Madrid។
ជាការពិត Real Madrid ត្រូវបានដឹងថាបានទាក់ទងអ្នកតំណាងរបស់កីឡាករបារាំង អំពីលទ្ធភាពនៃការផ្ទេររូបគេទៅកាន់ កីឡដ្ឋាន Santiago Bernabeu ក្នុងទីផ្សាររដូវក្តៅឆ្នាំ ២០២៥ ។
ក្រុមរហស្សនាមអធិរាជស ចង់ពង្រឹងទីតាំងខ្សែការពារកណ្តាល និងផ្តល់អាទិភាពក្នុងការជ្រើសរើសកីឡាករកំពូលក្នុងតំណែងនេះ ដើម្បីចាប់ដៃគូរជាមួយ Antonio Rudiger ស្របពេលដែល David Alaba និង Eder Militao ជួបបញ្ហារបួស។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានសញ្ញាណាមួយពី William Saliba ថា រូបគេនឹងចាកចេញពី Arsenal នៅពេលណានោះទេ ដោយបច្ចុប្បន្ន កីឡាករវ័យ២៣ឆ្នាំ កំពុងមានភាពរីករាយនាកីឡដ្ឋាន Emirate ហើយមានភាគរយខ្ពស់ថា រូបគេនឹងមិនពិចារណាការចាកចេញទៅកាន់ទឹកដីអេស្ប៉ាញឡើយ។
William Saliba បានចាកចេញពី ក្លិប Saint-Étienne មកចូលរួម Arsenal កាលពីឆ្នាំ២០១៩ តែត្រូវបានបញ្ចេញអោយខ្ចីជើងជាបន្តបន្ទាប់នៅក្លិបដទៃដូចជាក្លិប Saint-Étienne, Nice និង Marseille។
យ៉ាងណាមិញ ក្រោយត្រឡប់មកចូលរួមជាមួយ Arsenal វិញ William Saliba បានក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្រុមកាំភ្លើងធំ ដោយបានបង្ហាញខ្លួន ៨ ប្រកួតក្នុងចំណោម៩ប្រកួត នៅក្នុងការប្រកួតក្របខណ្ឌ Premier League នៅរដូវកាលនេះ ។
កាលពីរដូវក្តៅមុនទៀតសោត William Saliba បានបន្តកិច្ចសន្យារបស់គេជាមួយក្រុមកាំភ្លើងធំរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ឯណោះ៕