
ក្លិបនៅក្របខណ្ឌ Premier League ចំនួន ៥ បានដាក់ការចាប់អារម្មណ៍ និង ត្រៀមប្រជែងគ្នា ដើម្បីនាំយកខ្សែប្រយុទ្ធ Randal Kolo Muani ពីក្លិបបារាំង Paris Saint Germain។
ជាក់ស្តែង ក្លិបដែលលេងនៅលីគកំពូលអង់គ្លេសទាំង៥ ដែលកំពុងចង់ផ្ទេរយក កីឡាករវ័យ២៥ឆ្នាំនេះ មានក្លិប Arsenal, Aston Villa, Chelsea, Newcastle United និង Manchester United ដោយពួកគេកំពុងរៀបចំសំណើរៀងខ្លួន ដើម្បីចរចាជាមួយ ក្លិប Paris Saint Germain នៅទីផ្សារដោះដូរកីឡាករដែលនឹងបើកឡើងវិញនៅខែមករាខាងមុខ។
ទោះយ៉ាងណា ថ្មីៗនេះ សារពត៌មាន Dailymail បានអោយដឹងថា ក្នុងចំណោមក្លិបទាំង៥ខាងដើមនោះ មានតែក្លិបចំនួន២ ប៉ុណ្ណោះ ដែលមានភាគរយខ្ពស់ជាងគេក្នុងការនាំយក Randal Kolo Muani នោះគឺក្លិប Arsenal និង Manchester United។
Randal Kolo Muani បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Eintracht Frankfurt មកចូលរួមក្លិប Paris Saint Germain កាលពីឆ្នាំ២០២៣ជាមួយតម្លៃផ្ទេរ ៧០លានផោន។ មកទល់ពេលនេះរូបគេបានបង្ហាញខ្លួន ៥០ប្រកួត ស៊ុតបាន១១គ្រាប់ គ្រប់កម្មវិធី អោយ Paris Saint Germain។
កីឡាករបារាំងរូបនេះ ត្រូវបានក្លិបនៅ Premier League មើលឃើញពីទេពកោសល្យ និងលក្ខណៈ ពិសេសរបស់គេទៅលើល្បឿន និង កម្លាំង នៅលើទីលាន ហើយចង់នាំយករូបគេមកពង្រឹងក្រុមរៀងខ្លួន។
ទន្ទឹមនឹងនោះ Paris Saint Germain ហាក់លែងស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Luis Enrique នឹងមានបំណងចង់បញ្ចេញកីឡាករបារាំងផងដែរ ដោយក្លិបយល់ថា សមត្ថភាពរបស់គេមិនទាន់ស័ក្កសមជាមួយទម្រង់របស់ក្លិបក្នុងការប្រកួតនៅក្របខណ្ឌ Ligue 1 ហើយការលក់រូបគេ នឹងធ្វើអោយក្លិបមានឱកាសក្នុងការអភិវឌ្ឈគម្រោងផ្សេងៗទៀត។
ប្រភពដដែលបានអោយដឹងថា Paris Saint Germain អាចនឹងលក់កីឡាករ Randal Kolo Muani ក្នុងតម្លៃចន្លោះពី ៣៣ ទៅ ៤២លានផោន នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ៕