×

គ្រូ Liverpool ថា ខ្លួនពេញចិត្តការលេងរបស់កូនក្រុមក្រោយឈ្នះ Brighton ក្នុងពានរង្វាន់ EFL Cup

គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថា លោកមានការពេញចិត្ត ចំពោះការបង្ហាញការលេងយ៉ាងល្អរបស់កូនក្រុមក្នុងជំនួបឈ្នះ Brighton ក្នុងពានរង្វាន់ EFL Cup ។

ការប្រកួតពានរង្វាន់ EFL Cup ជុំទី៤ នាកីឡដ្ឋាន Falmer Stadium កាលពីយប់មិញ មានការវាយសម្រុកគ្នាយ៉ាងខ្លាំងក្លា ដោយក្នុងនោះ Liverpool មានប្រៀបជាង នៅក្នុងការគ្រប់គ្រងបាល់ ប៉ុន្តែ ឱកាសនៃការស៊ុតវិញ ពួកគេមានតែ ១១ដង ខណៈក្រុមម្ចាស់ផ្ទះ Brighton មានដល់ទៅ ១៩ដង។ យ៉ាងណា ការប្រកួតវគ្គទី១មិនមានការស៊ុតបញ្ចូលទីបានសម្រេចទេពីសំណាក់កីឡាករក្រុមទាំងសងខាង។

ចូលដល់វគ្គទី ២ បានតែជាង១នាទី Cody Gakpo បានរកគ្រាប់បើកឆាកសម្រាប់ Liverpool ហើយនាទី ៦៣ កីឡាករហូឡង់ វ័យ២៥ឆ្នាំដដែល ក៏រកបានគ្រាប់បាល់ទី២ទៀត បង្កើនការនាំមុខអោយក្រុមហង្សក្រហម។ នាទី៨១ Brighton បានវាយបក១គ្រាប់មកវិញ ដោយ Simon Adingra ប៉ុន្តែរំលងពីនោះតែជាង ៤នាទី Luis Díaz បានរកគ្រាប់បាល់ទី៣សម្រាប់ Liverpool។ ចុងម៉ោង Brighton ក៏រកបាន១គ្រាប់ទៀត ដោយ Tariq Lamptey ប៉ុន្តែមិនអាចផ្លាស់ប្តូរស្ថានការណ៍បានទេ ដោយចប់ការប្រកួត Liverpool ឈ្នះ Brighton ក្នុងលទ្ធផល ៣-២។

ជាមួយនឹងទម្រង់លេងដ៏ល្អរបស់កូនក្រុមបែបនេះ បានធ្វើអោយគ្រូបង្វឹក Liverpool លោក Arne Slot មានភាពសប្បាយរីករាយ ពេញចិត្តយ៉ាងខ្លាំង ព្រមទាំងបានសរសើរពីគុណភាពរបស់កីឡាករដែលបានបង្ហាញចេញមក។

លោក Arne Slot បានអោយដឹងដូច្នេះ “បាទ វាពិតជា លំបាក។ ប្រសិនបើអ្នកត្រូវមកទីនេះ អ្នកដឹងថាវានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ដោយសារតែការប្រឆាំងរបស់គូប្រកួត។ តែទោះជាជួបការលំបាក កីឡាកររបស់ខ្ញុំបានប្រឹងប្រែងលេងអស់ពីសមត្ថភាព ហើយបន្ទាប់មកយើងបានលទ្ធផលឈ្នះ។ វាជារឿងរីករាយខ្លាំងណាស់។ ខ្ញុំពិតជាចូលចិត្តអ្វីដែលខ្ញុំឃើញពីកីឡាកររបស់ខ្ញុំ ហើយពួកគេបាននាំមកនូវគុណភាពទៅក្នុងការប្រកួត។”

ឈ្នះ Brighton នេះ Liverpool នឹងបន្តយុទ្ធនាការការពារជើងឯក EFL Cup របស់ពួកគេឡើងដល់វគ្គ៨ក្រុមចុងក្រោយជួបក្រុម Southampton ដែលបានទម្លាក់ក្រុម Stoke City។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែធ្នូ ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង