×

ក្រោយចាញ់ Tottenham Hotspur ក្នុងពានរង្វាន់ EFL Cup គ្រូ Man City ថា ក្រុមខ្លួនកំពុងជួបប្រទះបញ្ហា

គ្រូបង្វឹក លោក Pep Guardiola បាននិយាយថា ក្រុម Man City របស់លោកកំពុងជួបប្រទះបញ្ហាស្មុគស្មាញ គឺកីឡាកររបួសច្រើន ដែលនាំអោយក្រុមចាញ់ការប្រកួត Tottenham Hotspur ក្នុងពានរង្វាន់ EFL Cup។

ជាការពិត ការប្រកួតពានរង្វាន់ EFL Cup ជុំទី៤ ដែលធ្វើឡើងនាកីឡដ្ឋាន Tottenham Hotspur Stadium កាលពីយប់មិញ ក្រុម Man City បានចាញ់ ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដោយលទ្ធផល ២-១។

២គ្រាប់របស់ក្រុម Tottenham Hotspur រកបានដោយ Timo Werner ក្នុងនាទី៥ និង Pape Matar Sarr ក្នុងនាទី២៥ ខណៈ ១គ្រាប់របស់ Man City រកបានដោយ Matheus Nunes ក្នុងនាទី៤៥+៤ មុនចប់វគ្គទី១។

នៅវគ្គទី២វិញ មិនមានគ្រាប់បាល់កើតឡើងនោះទេ គឺលទ្ធផល Tottenham Hotspur ២ Man City ១ បន្តដល់ចប់ការប្រកួត។

ការប្រកួតនេះដែរ Man City បានអវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា Kevin De Bruyne, Jack Grealish និង Kyle Walker ដែលកំពុងសម្រាកព្យាបាលរបួសរៀងខ្លួន។ អវត្តមាននេះដែរ បាននាំអោយលោក Pep Guardiola យល់ថា ក្រុមកំពុងមានបញ្ហា ហើយវាអាចប៉ះពាល់ដល់លទ្ធផលការប្រកួតផ្សេងៗទៀត ខណៈការប្រកួតនេះទៀតសោតកីឡាករ Man City ២រូបបន្ថែមបានរងរបួសគឺ Manuel Akanji និង Savinho។

លោក Pep Guardiola បានអោយដឹងក្រោយចប់ការប្រកួតថា “ ពេលនេះយើងមានកីឡាកររបួសឡើងដល់ទៅ ១៣រូបហើយ។ វាពិតជាពិបាកណាស់ ហើយខ្ញុំគិតថា យើងកំពុងស្ថិតក្នុងបញ្ហហើយ ព្រោះយើងមិនដែលជួបប្រទះរឿងកីឡាកររបួសច្រើនបែបនេះទេ។ យ៉ាងណា យើងកំពុងព្យាយាមរកវិធីដោះស្រាយអោយបាន ព្រោះបញ្ហាវានឹងប៉ះពាល់ដល់ការប្រកួតផ្សេងទៀតរបស់យើង។”

សូមបញ្ជាក់ដែរថា នេះគឺជាការបរាជ័យដំបូងរបស់ក្រុម Man City ក្នុងការប្រកួតរដូវកាលនេះ។ រីឯក្រុម Tottenham Hotspur ដែលទទួលជ័យជំនះវិញ និងបន្តឡើងទៅកាន់ វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ EFL Cup ដោយត្រូវប៉ះក្រុម Manchester United ដែលបានទម្លាក់ Leicester City ដោយការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង