ក្លិប Man UTD គ្រោងនឹងផ្តល់ឱកាសជាលើកទីពីរនិងជាឱកាសចុងក្រោយដល់ខ្សែបម្រើ Antony អំឡុងការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Van Nistelrooy ក្នុងការប្រកួតពាក់កណ្តាលរដូវកាលក្រោយនេះ។
កីឡាករប្រេស៊ីល បានបង្ហាញទម្រង់លេងយ៉ាងល្អ អំឡុងការលេងជាមួយ ក្លិបហូឡង់ Ajax ដែលស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។ នៅពេលលោក Erik ten Hag បានផ្លាស់មកដឹកនាំ Man UTD នោះ រូបលោកក៏បាននាំយក Antony មករួមការងារជាមួយគ្នាសាជាថ្មី នៅទឹកដី Old Trafford។
Antony បានធ្វើអោយក្លិប Man UTD ចំណាយអស់ ៨៥ លានផោនក្នុងឆ្នាំ ២០២២ ដែលជាតម្លៃដ៏ខ្ពស់មួយក្នុងការនាំយករូបគេ Ajax។ ទោះយ៉ាងណា ការមកកាន់ទឹកដី អង់គ្លេស Antony មិនបានបញ្ចេញគុណផលល្អប្រសើរ តាមការរំពឹងទុកនោះទេ នឹងបានធ្លាក់ចេញពីគម្រោងរបស់ក្រុមថែមទៀត។
Antony បង្ហាញខ្លួនបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះគ្រប់ការប្រកួតក្នុងរដូវកាលនេះ ដោយចំណាយពេលសរុប ១៥៥ នាទី និងរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះក្នុង ពានរង្វាន់ EFL Cup។ សរុបការបង្ហាញខ្លួនទាំងអស់របស់ Antony អោយ Man UTD គឺចំនួន៨៧ដង រកបានតែ១២គ្រាប់ និង ចែកបាល់សម្រេចទី៥ដង។
ជាមួយនឹងការមកដល់របស់លោក Ruben Amorim ជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ Man UTD បានសម្រេចផ្តល់ឱកាសជាលើកទី២ដល់ Antony ហើយវាត្រូវបានគេរាយការណ៍ថា អតីតកីឡាករដ៏មានទេពកោសល្យរបស់ Ajax នឹងត្រូវតែប្រឹងប្រែងចាប់យកពេលវេលាដ៏កម្រនេះ។
Antony នឹងក្លាយជាកីឡាករម្នាក់ក្នុងចំនោមកីឡាករជាច្រើនរូបដែលត្រូវតស៊ូដើម្បីអនាគតរបស់ពួកគេនៅទឹកដី Old Trafford ពេញមួយរដូវកាលដែលនៅសល់នៃយុទ្ធនាការ ២០២៤-២៥ ។ យ៉ាងណា Antony ទំនងជាពិបាកប្រជែងកៅអីសមាភាពដំបូង ប៉ុន្តែក៏ត្រូវស្ថិតលើការពិចារណារបស់លោក Ruben Amorim អំពីអនាគតរបស់គេ នៅពេលដែលលោកមកកាន់តំណែងផងដែរ៕