
ខ្សែការពារស្តាំដ៏លេចធ្លោរបស់ Liverpool គឺកីឡាករ Trent Alexander-Arnold បានក្លាយជាប្រធានបទនៃការរំពឹងទុកនៃការផ្ទេរយ៉ាងខ្លាំង ដោយយោងតាមរបាយការណ៍ចុងក្រោយពីគេហទំព័រ Sport បានអោយដឹងថា កីឡាករវ័យ២៦ ឆ្នាំបានបដិសេធសំណើបន្តកុងត្រាថ្មីច្រើនដងពីក្លិបហង្សក្រហមរួចហើយ។
ស្ថានភាពនេះបានបង្កើនក្តីបារម្ភសម្រាប់ Liverpool ដោយសារតែសមត្ថភាពលេងដ៏ពិសេសរបស់ Trent Alexander-Arnold មានសារៈសំខាន់ចំពោះភាពជោគជ័យរបស់ក្រុម ហើយបានធ្វើអោយរូបគេក្លាយជាខ្សែការពារស្តាំមានសមត្ថភាពខ្លាំងមួយរូប។
បច្ចុប្បន្ន Trent Alexander-Arnold បានស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេនៅទឹកដី Anfield ហើយក្នុងនោះ Liverpool បានព្យាយាមអះអាង និង ធានាអនាគតពីរបស់ កីឡាករអង់គ្លេសរូបនេះ ជាមួយនឹងសំណើបន្តជាបន្តបន្ទាប់ ប៉ុន្តែសាមីកីឡាករនៅតែបន្តបដិសេធហាក់ដូចជាបើកចំហរក្នុងការស្វែងរកឱកាសចាកចេញ ។
Real Madrid បានក្លាយជាគោលដៅដ៏មានសក្តានុពល របស់ Trent Alexander-Arnold ជាពិសេសបន្ទាប់ពីខ្សែការពារស្តាំដ៏សំខាន់របស់ក្រុម គឺកីឡាករ Dani Carvajal បានរងរបួស ACL ដែលធ្វើអោយរូបគេត្រូវអវត្តមានសម្រាប់ការប្រកួតនៅរដូវកាលនេះ។ ក្រុមអធិរាជស កំពុងស្វែងរកដំណោះស្រាយរយៈពេលវែងសម្រាប់តំណែងខ្សែការពារស្តាំ ហើយលទ្ធភាពនៃការផ្គូផ្គង Trent Alexander-Arnold មកចាប់ដៃគូជាមួយខ្សែបម្រើអង់គ្លេស Jude Bellingham បានធ្វើអោយមានភាពទាក់ទាញមួយទាំងសម្រាប់សាមីកីឡាករ និង Real Madrid។
ដោយឡែក ក្រៅពី Real Madrid ក្លិបបារាំង PSG ក៏បានក្លាយជាក្លិបដ៏គួរអោយចាប់អារម្មណ៍មួយទៀតសម្រាប់ Trent Alexander-Arnold ។ មានការអះអាងថា PSG បានចូលរួមប្រជែង ដើម្បីចុះហត្ថលេខាលើ Trent Alexander-Arnold ខណៈដែលពួកគេចង់ផ្គូផ្គងរូបគេជាមួយ និងខ្សែបម្រើ Achraf Hakimi ។ ក្លិបបារាំងកំពុងសិក្សាយ៉ាងលំអិតទៅលើលទ្ធភាពនាំយកកីឡាករ។
សម្រាប់ Liverpool ពិតជាមិនចង់អោយ Trent Alexander-Arnold ចាកចេញនោះទេ ប៉ុន្តែរូបគេត្រូវតែបង្ខំចិត្តលក់រូបគេនៅទីផ្សារដោះដូរខែមករានេះ ប្រសិនបើ ក្លិបបរាជ័យក្នុងការបន្តកុងត្រាថ្មី ហើយពួកគេ ទទួលបានសំណើទិញយកកីឡាករដ៏ល្អមួយ៕