មានការរាយការណ៍អោយដឹងថា ខ្សែការពារ Radu Drăgușin អាចនឹងចចាកចេញពីក្លិបនៅអង់គ្លេស Tottenham Hotspur ទៅកាន់ក្លិបអ៊ិតាលី Napoli នៅក្នុងទីផ្សារដោះដូរកីឡាកររដូររងា ខាងមុខនេះ។
Tottenham Hotspur បានធ្វើការពង្រឹងក្រុមរបស់ខ្លួន តាមរយៈការត្រៀមនាំយកកីឡាករថ្មីៗដូចជា ខ្សែបម្រើ Yang Min-hyeok មកពីកូរ៉េខាងត្បូង ប៉ុន្តែទន្ទឹមនឹងការមកដល់របស់កីឡាករថ្មី កីឡាករមួយចំនួនរបស់ពួកគេដូចជា ខ្សែការពារ Radu Drăgușin អាចនឹងត្រូវចាកចេញពីក្រុមទៅវិញដែរ។ Radu Drăgușin ត្រូវបានចាត់ទុកជាកីឡាករនាំលេងមួយរូបរបស់ Tottenham Hotspur ក្រោយមកចូលរួមកាលពីខែមករា ឆ្នាំ២០២៤ ដោយចាកចេញពីក្លិបអ៊ីតាលី Genoa ។
ការមកដល់របស់កីឡាកររ៉ូម៉ានី ត្រូវបានគេមើលឃើញថាជាការបន្ថែមភាពរឹងមាំដល់តំបន់ការពាររបស់ក្រុមមាន់ខ្នាយមាស។ យ៉ាងណាអ្វីៗ មិនមានផ្លែផ្កាដូចការរំពឹងទុករបស់កីឡាករនោះទេ ដោយ Radu Drăgușin មាននាទីលេងតិចតួចមែនទែន គឺទើបតែលេងបាន២ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League រដូវកាលនេះ អោយ Tottenham Hotspur។ Radu Drăgușin ត្រូវបានមើលឃើញថា មានការពិបាកប្រជែងតំណែងជាមួយ Cristian Romero និង Micky van de Ven ដែលមានឱកាសលេងជាប់លាប់ជាង។
ការខ្វះនាទីលេងទៀងទាត់នេះហើយ បានបង្កអោយមានការផ្សព្វផ្សាយ អំពីការចាកចេញរបស់ Radu Drăgușin ដោយក្នុងនោះ ក្រុមកំពូលតារាង Serie A, Napoli ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករវ័យ២២ឆ្នាំ។ ដំណឹងនេះកាន់តែមានលទ្ធភាពខ្ពស់ទៀត នៅពេលភ្នាក់ងារផ្ទាល់របស់កីឡាករដែលបាននិយាយឥតឈប់ឈរអំពីអនាគតរបស់គេ។
មែនទែនទៅ Tottenham Hotspur មិនចង់អោយ Radu Drăgușin ចាកចេញនោះទេ ដ្បិតរូបគេ ជាខ្សែការពារដែលមានល្បឿនលឿន និងអាចបត់បែនបាន ប៉ុន្តែ ការខ្វះនាទីលេង បូករួមនឹង ការចាប់អារម្មណ៍ជាពិសេសពី Napoli ផងនោះ ធ្វើអោយ Tottenham Hotspur ពិបាកក្នុងការរក្សាកីឡាករនៅជាមួយពួកគេ។
យ៉ាងណាមិញ របួសរបស់ Micky van de Ven អំឡុងការប្រកួត ដែល Tottenham Hotspur ឈ្នះ Manchester City ២-១ ក្នុងជុំទី៤ ពានរង្វាន់ EFL Cup អាចធ្វើអោយ Radu Drăgușin នឹងមាននាទីលេងច្រើនជាងមុន ហើយក្រុមមាន់ខ្នាយមាសសង្ឃឹមថា អាចនឹងប្រើឱកាសនេះ ដើម្បីលួងលោមកីឡាករអោយបន្តលេងនៅកីឡដ្ឋាន Tottenham Hotspur Stadium តទៅទៀត៕