×

លោក Van Nistelrooy ថានឹងនៅតែរួមការងារជាមួយ Man UTD បើទោះមានការតែងតាំងគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មី

លោក Van Nistelrooy គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Man UTD កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ អំពីអនាគតរបស់ខ្លួនថា តើរូបលោកនឹងបន្តនៅជាមួយក្លិបបិសាចក្រហម ឬក៏ត្រូវចាកចេញក្រោយពេលដែលក្លិបកាន់តែខិតជិតនាំយកលោក Ruben Amorim មកជាគ្រូ បង្វឹកអចិន្ត្រៃយ៍។

ជាការពិត Man UTD ដែលទើបតែបញ្ចប់តំណែងគ្រូបង្វឹកលោក Erik ten Hag កំពុងតែជជែកជាមួយនឹងក្លិប Sporting CP ក្នុងការផ្តាច់កិច្ចសន្យានាំយកគ្រូបង្វឹកលោក Ruben Amorim មកកាន់តំណែង។ ទោះយ៉ាងណា ក្នុងដំណើរការនាំយកលោក Ruben Amorim មកកាន់ទឹកដី Old Trafford នោះ ក្លិប Man UTD បានតែងតាំងលោក Van Nistelrooy ដែលជាជំនួយការគ្រូបង្វឹកលោក Erik ten Hag មកកាន់តំណែងដឹកនាំជាបណ្តោះអាសន្នសិន។

ប្រសិនបើ លោក Ruben Amorim មកកាន់តំណែងនៅ Man UTD នោះលោកនឹងនាំយកក្រុមការងាររបស់លោកមកជាមួយដែរ ដែលនាំអោយមានមន្ទិលសង្ស័យអំពីការងាររបស់លោក Van Nistelrooy។ បែបនេះក្តី អតីតខ្សែប្រយុទ្ធរបស់ Man UTD លោក Van Nistelrooy បានឆ្លើយដោយគ្មានការសង្ស័យឡើយ ជុំវិញសំនួរដែលសួរទាក់ទងនឹងអនាគតរបស់ខ្លួន គឺលោកនៅរួមការងារនៅទីនេះដដែល ព្រោះតែចិត្តស្រលាញ់ និងចង់ជួយក្លិបមួយនេះប៉ុណ្ណោះ។

លោក Van Nistelrooy បានអោយដឹងដូច្នេះថា “ខ្ញុំនៅទីនេះគឺដើម្បីជួយ Man UTD ហើយនឹងផ្ដល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានទៅកាន់ក្លិប។”

អតីតគ្រូបង្វឹក PSV Eindhoven វ័យ៤៨ឆ្នាំបានបន្ថែមទៀតថា “ខ្ញុំនឹងជួយទៅតាមអ្វីដែលក្លិបផ្ដល់ឱកាសអោយ វាសំខាន់ស្ថិតនៅលើក្លិបចង់អោយខ្ញុំជួយនៅពេលណា ព្រោះខ្ញុំនៅទីនេះគឺមានគោលដៅរួចទៅហើយ។ ខ្ញុំមានទិសដៅ និងការងារជួយរៀបចំ និងទិសដៅដើម្បីរៀបចំប្រព័ន្ធប្រយុទ្ធអោយបានខ្លាំង។ ប្រសិនបើសួរថា តើនឹងមានការប្រែប្រួលទេទៅថ្ងៃមុខ ប្រសិនបើក្លិបមិនធ្វើការដកខ្ញុំចេញទេ ចម្លើយគឺខ្ញុំមិនមានចិត្តផ្លាស់ប្ដូរឡើយ។”

សូមបញ្ជាក់ថា លោក Van Nistelrooy ជាអតីតសមាជិករបស់ Man UTD និងជាខ្សែប្រយុទ្ធដ៏មុតស្រួចផងដែរ ខណៈបច្ចុប្បន្នរូបលោក មានជំនាញក្នុងការរៀបចំប្រព័ន្ធប្រយុទ្ធរបស់ក្រុម និងបានចូលខ្លួនដឹកនាំប្រកួតទី១យកឈ្នះទៅលើ Leicester City ៥-២ ក្នុងពានរង្វាន់ EFL Cup ជុំទី៤ ថែមទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង