មានការរាយការណ៍អោយដឹងថា ក្លិប Chelsea កំពុងសម្លឹងមើលទៅលើការផ្ទេរអ្នកចាំទី Mads Hermansen របស់ក្លិប Leicester City ។
កន្លងទៅ គេហទំព័រ Give Me Sport បានចុះផ្សាយថា ក្លិប Chelsea មិនចាប់អារម្មណ៍ខ្លាំងក្នុងការនាំយកកីឡាករជនជាតិដាណឺម៉ាក វ័យ ១៩ ឆ្នាំភ្លាមៗនោះទេ ហើយ Leicester ក៏មិនចង់លក់រូបគេក្នុងពេលឆាប់ៗនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតោខៀវអាចផ្លាស់ប្តូរជំហររបស់ពួកគេ និងធ្វើការនាំយក Mads Hermansen ដោយសារតែសមត្ថភាពធ្លាក់ចុះ របស់ Robert Sanchez នាពេលថ្មីៗនេះ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបាន រិះគន់យ៉ាងខ្លាំង ហើយ Chelsea អាចនឹងស្វែងរកជម្រើសមកជំនួស។
Chelsea បានវាយតម្លៃអ្នកចាំទី Mads Hermansen ដែលមានទេពកោសល្យខ្ពស់ ហើយតម្លៃលើសពី៣៥លានផោនគឺក្លិបតោខៀវនឹងហ៊ានចំណាយ ដើម្បីនាំយករូបគេមកកាន់កីឡដ្ឋាន Stamford Bridge នាពេលឆាប់ៗ។
ការមានអ្នកចាំទីបម្រុងដែលមានគុណភាពនឹងមិនត្រឹមតែធ្វើអោយ Chelsea មានការប្រកួតប្រជែងប្រសើរឡើងនោះទេ ប៉ុន្តែវាក៏ជាការប្រកួតប្រជែងសម្រាប់កៅអីជម្រើសដំបូងដែលនឹងជួយអោយកីឡាករទាំងពីរមានភាពប្រសើរឡើងផងដែរ។
ក្រៅពី Robert Sanchez ហើយក្លិប Chelsea នៅមានកីឡាករអ្នកចាំទីដូចជា Filip Jorgensen, និង Djordje Petrovic ។ Chelsea មានភាពស៊ីជម្រៅជាច្រើននៅក្នុងផ្នែកអ្នកចាំទី ហើយការមកដល់របស់ Mads Hermansen នឹងបន្ថែមគុណភាពក្រុមក្នុងការប្រកួតប្រជែង៕