×

Arsenal ចង់បានខ្សែប្រយុទ្ធថ្មីពីទីផ្សារដោះដូរកីឡាករខាងមុខ

សារព័ត៌មាន Caught offside បានរាយការណ៍អោយដឹងថា ក្លិប Arsenal កំពុងសម្លឹងចង់បានខ្សែប្រយុទ្ធថ្មីពីទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។

Arsenal ត្រូវបាន Newcastle United យកឈ្នះដោយលទ្ធផល ១-០ ក្នុងការប្រកួត Premier League កាលពីកន្លងទៅ។ ក្រុមកាំភ្លើងធំបានព្យាយាមបង្កើតឱកាសជាច្រើនដង ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធ Alexander Isak ស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគត់នៃការប្រកួត ដែលនាំយក៣ពិន្ទុទៅអោយក្រុមសារិការព្រៃ។ វាគឺជាការប្រកួតមួយផ្សេងទៀតដែលបង្ហាញថាការវាយលុករបស់ Arsenal គឺខ្វះគុណភាព និងភាពស៊ីជម្រៅ ដែលជាអ្វីដែលបណ្តាលអោយពួកគេមិនឈ្នះពានរង្វាន់លីគកាលពីរដូវកាលមុន។

គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធណាមួយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយផ្តោតលើខ្សែបម្រើ និង ខ្សែការពារប៉ុណ្ណោះ។ ដូច្នេះហើយ Arsenal អាចធ្វើការនាំយកខ្សែប្រយុទ្ធថ្មី នៅទីផ្សារដោះដូរកីឡាកររដូវរងា ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ពួកគេ។ ក្លិប Arsenal អាចកំណត់គោលដៅផ្ទេរខ្សែប្រយុទ្ធ Mohamed Kudus របស់ West Ham United មកជំនួសតំណែងរបស់ Leandro Trossard ។ Leandro Trossard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ ក្លិប Al-Ittihad នៅក្របខណ្ឌ Saudi Pro League ប៉ុន្តែ Arsenal បានរារាំង ការផ្ទេរនោះ។

កីឡាករបែលហ្ស៊ីក វ័យ២៩ឆ្នាំ គឺជាកីឡាករសំខាន់មួយរូបសម្រាប់ក្រុមកាំភ្លើងធំ ហើយគេផ្តល់អោយក្រុមនូវភាពប៉ិនប្រសប់ក្នុងការវាយប្រយុទ្ធ ក៏ដូចជាសមត្ថភាពបញ្ចប់សំណាញ់ទី។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់ Leandro Trossard នៅរដូវកាលនេះមិនទាន់បានល្អបំផុតទេ ស្របពេលដែលកីឡាករក្រុមគូប្រជែងដូចជា Erling Haaland កំពុងធ្វើបានល្អនៅ Manchester City និង Mohamed Salah ដែលធ្វើបានល្អនៅ Liverpool ដូច្នេះវាធ្វើអោយមានការលំបាកសម្រាប់ Arsenal ក្នុងការប្រជែងយកជើងឯកលីគរដូវកាលនេះ ហើយការនាំយកខ្សែប្រយុទ្ធថ្មីជារឿងដែល Arsenal ត្រូវធ្វើ។

Arsenal បានបង្ហាញចំណាប់អារម្មណ៍លើ Mohamed Kudus នាពេលកន្លងមក។ ប្រភពពីខាងដើមបានបន្ថែមថា Arsenal អាចនឹងត្រូវចំណាយប្រាក់ ៩០ លានផោនដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើមរបស់ West Ham។

ក្រុមកាំភ្លើងធំបានចំណាយប្រាក់ជិត ១០០ លានផោនដល់ West Ham រួចហើយនៅពេលដែលពួកគេបាននាំយក Declan Rice មកកាន់កីឡដ្ឋាន Emirates ប៉ុន្តែលោក Arteta ក៏នឹងចំណាយដើម្បីនាំយក Mohamed Kudus មករួមក្រុមបន្តទៀត។

ប្រព័ន្ធការពាររបស់ Arsenal ត្រូវបានដោះស្រាយហើយ ប៉ុន្តែប្រព័ន្ធប្រយុទ្ធរបស់ពួកគេនៅភាពខ្វះខាត ហើយនោះជាកន្លែងដែលលោក Arteta ត្រូវតែដោះស្រាយអោយបានឆាប់រហ័សដើម្បីប្រជែងក្នុងកម្រិតខ្ពស់ជាមួយក្លិបធំៗដទៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង