×

Man UTD នឹងមិនធ្វើកំហុសឆ្គងជាមួយលោក Ruben Amorim ដូចលោក Erik ten Hag

លោក Ruben Amorim នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Man UTD បន្ទាប់ពីពួកគេបានសម្រេចចិត្តបណ្តេញលោក Erik ten Hag ចេញពីតំណែង ក្រោយពីក្លិបបានចាញ់ក្រុម West Ham United ក្នុងការប្រកួតក្របខណ្ឌ Premier League នាពេលកន្លងទៅ ។

ក្លិបបិសាចក្រហមបានជួបភាពមិនសមប្រកបម្តងទៀត ក្នុងដើមរដូវកាលនេះ ហើយលោក Ten Hag គឺជាមូលហេតុចម្បង។ បុរសសញ្ជាតិហូឡង់ បានបរាជ័យក្នុងការជំរុញទឹកចិត្តកីឡាករ និងបានព្យាយាមធ្វើការកែសម្រួលយុទ្ធសាស្ត្រ ប៉ុន្តែទីបំផុតវាបានធ្វើអោយលោករបូតការងារនៅកីឡដ្ឋាន Old Trafford។

ឥឡូវនេះ Man UTD បានត្រៀមខ្លួននាំយកលោក Ruben Amorim មកកាន់តំណែងជាបន្ត ប៉ុន្តែបុរសវ័យ៣៩ឆ្នាំអាច ប្រឈមមុខនឹងការពិភាក្សាដ៏លំបាកក្នុងការធ្វើអោយក្លិបដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី ១៣ នៅក្របខណ្ឌ Premier League មានភាពល្អប្រសើរឡើងវិញភ្លាមៗ។ នៅក្នុងពេលដែលលោក Ruben Amorim នឹងក្លាយមកជាគ្រូបង្វឹកថ្មីនោះ Man UTD ក៏បានធ្វើការព្រមានរូបលោក កុំអោយមានកំហុសឆ្គងដូចលោក Erik ten Hag អំឡុងពេលនៅកាន់តំណែង នោះគឺការនាំយកកីឡាករដែលលោកពេញចិត្ត ដូចកាលពីលោក Ten Hag នៅដឹកនាំពួកគេនៅ ក្លិបហូរឡង់ Ajax។

លោក Ten Hag បានចុះហត្ថលេខាលើកីឡាករ Andre Onana, Antony, Matthijs de Ligt, Sofyan Amrabat និង Noussair Mazraoui ដែលជាកីឡាករដែលលោកធ្លាប់រួមការងារជាមួយ ហើយពួកគេមិនដំណើរការបានល្អសម្រាប់ Man UTD ទេ ។ Man UTD បានធ្វើកំហុសក្នុងការផ្តល់សេរីភាពច្រើនពេកដល់លោក Ten Hag ដោយបានចំណាយទិញកីឡាករដែលមិនមានប្រយោជន៍សម្រាប់ក្លិប ហើយពួកគេនឹងមិនធ្វើបែបនេះម្តងទៀតជាមួយលោក Ruben Amorim ឡើយ។

Man UTD នឹងតែងតាំងលោក Amorim មកជាគ្រូបង្វឹក ដោយមានការងារចម្បងគឺការធ្វើការជាមួយកីឡាករដែលក្លិបផ្តល់អោយ ជាជាងធ្វើការចុះហត្ថលេខានាំយកកីឡាករមកដោយខ្លួនឯងដូចជាលោក Ten Hag ។ កំហុសឆ្គងជាមួយលោក Erik ten Hag បានធ្វើអោយ Man UTD ចងចាំពីមេរៀននេះ ហើយពួកគេនឹងមិនផ្តល់អំណាចច្រើនពេកអំពីរឿងទិញដូរកីឡាករ ទៅអោយគ្រូបង្វឹកបន្តទៀតទេ។

ដោយឡែក នៅក្នុងការត្រៀមនាំយកលោក Ruben Amorim មកជាគ្រូបង្វឹកថ្មីនេះដែរ ខ្សែការពារ Ousmane Diomande របស់ Sporting ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Man UTD ដោយក្លិបផ្ទាល់ជាអ្នកមើលឃើញថា រូបគេមានសមត្ថភាពលេងបានល្អក្រោមការដឹកនាំរបស់លោក Amorim៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង