
គ្រូបង្វឹក លោក Pep Guardiola បាននិយាយថា ក្រុម Bournemouth មានកីឡាករពេញកម្លាំងលេងយ៉ាងល្អ ទើបក្រុម Man City របស់លោក បានចាញ់ការប្រកួត។
ជាការពិត ការប្រកួតឈានមកដល់សប្តាហ៍ទី១០ នៃក្របខណ្ឌ Premier League ក្រុម Man City បានធ្វេសប្រហេសមិនអាចយកបាន៣ ពិន្ទុបន្ថែម ក្នុងសប្តាហ៍នេះក្រោយបរាជ័យ ក្រោមស្នាដៃរបស់ក្រុម Bournemouth ដោយលទ្ធផល ២-១។
ការប្រកួតនាកីឡដ្ឋាន Dean Court ក្រុមភ្ញៀវ Man City បានគាបសង្កត់ទៅលើគូប្រកួត បានទៅហើយ ដោយស្ថិតិនៃការគ្រប់គ្រង់ទីលានពួកគេមានដល់ទៅ ៦៥ភាគរយ ឱកាសស៊ុតបាល់មានដល់ទៅ ១៨ដង ខណៈក្រុមម្ចាស់ផ្ទះ Bournemouth មានឱកាសស៊ុត ១២ដង។ យ៉ាងណា ការប្រកួតដំណើរការបាន ៩នាទី ក្រុម Bournemouth បែរជាអាចរកគ្រាប់បាល់បានមុនដោយការស៊ុតរបស់ Antoine Semenyo ខណៈវគ្គទី១មានគ្រាប់បាល់កើតឡើងតែ១លើកនេះ។
ចូលដល់វគ្គទី២ ក្រុម Bournemouth បន្តរកបានគ្រាប់ទី២ទៀត ដោយ Evanilson នៅនាទី៦៤។ ក្រុម Man City ព្យាយាមវាយសម្រុកបន្ថែមទៀត ទាល់តែដល់នាទី ៨២ ទើបអាចតាមបាន១គ្រាប់មកវិញ ដោយ Joško Gvardiol ជាអ្នកតែតបញ្ចូលទី។ នាទីដែលនៅសល់មិនមានគ្រាប់បាល់បញ្ចូលទីទៀតទេ ដោយលទ្ធផល Bournemouth ២ Man City ១ ក៏រក្សាដល់ចប់ការប្រកួត។
វាជាការបរាជ័យលើកដំបូងក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាល ២០២៤-២៥ របស់ក្រុម Man City។ ការចាញ់នេះដែរ លោក Pep Guardiola បានទទួលស្គាល់ថា ក្រុម Man City មានការតស៊ូយ៉ាងលំបាក ស្របពេល ក្រុម Bournemouth មានកម្លាំងកីឡាករលេងល្អទើបធ្វើអោយក្រុមចាញ់ការប្រកួត។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងថា “ក្រុមរបស់ខ្ញុំមិនអាចផ្គូផ្គងជាមួយកម្លាំងគូប្រកួតបានទេ ហើយដោយសារយុទ្ធសាស្ត្រលេងបាល់វែងៗរបស់ Bournemouth ត្រូវបានបង្ខំអោយក្រុមត្រូវលេងការពារកាន់តែខ្លាំងជាងធម្មតា។ កីឡាកររបស់ខ្ញុំ ខ្លះលេងស៊ីចង្វាក់ ហើយខ្លះលេងមិនស៊ីចង្វាក់គ្នាទេ ព្រោះយើងមិនបានហ្វឹកហាត់ជុំគ្នា ព្រោះមានកីឡាកររបួស ហើយយើងក៏បានដឹងពីបញ្ហានេះ តែយើងប្រឹងតស៊ូលេងទាំងលំបាក។”
លទ្ធផលនេះបានធ្វើអោយ Man City ធ្លាក់មកលេខរៀងទី២ បណ្តោះអាសន្នមានត្រឹមតែ ២៣ពិន្ទុខណៈដែល Liverpool ដែលបានបន្តឈ្នះ Brighton នៅសប្តាហ៍នេះនោះបានឡើងទៅលេខ១ មាន ២៥ពិន្ទុ៕