
លោក Pep Guardiola បាននិយាយថា ក្រុម Man City នឹងត្រូវសម្របខ្លួន និងរៀបចំផ្លូវចិត្តអោយរឹងមាំ ព្រោះពួកគេអាចនឹងជួបការបរាជ័យបន្ថែមទៀត ដោយសារបញ្ហាដែលក្រុមកំពុងមាននោះគឺបញ្ជីកីឡាកររបួសជាច្រើននាក់។
ការលើកឡើងរបស់លោក Pep Guardiola ខណៈដែលក្រុម Man City កំពុងត្រៀមខ្លួនក្នុងការប្រកួត UEFA Champions League ទល់នឹងក្រុម Sporting CP។ អវត្តមានកីឡាករសំខាន់ៗ បានធ្វើអោយ Man City បញ្ចប់ភាពមិនចាញ់របស់ខ្លួន ៣២ប្រកួត នៅក្នុងក្របខណ្ឌ Premier League ដោយចាញ់ក្រុម Bournemouth ២-១ កាលពីចុងសប្តាហ៍កន្លងទៅ។ វាជាការបរាជ័យ២លើកជាប់គ្នារបស់ Man City បន្ទាប់ពីចាញ់ Tottenham Hotspur ២-១ ក្នុងពានរង្វាន់ EFL Cup ជុំទី៤។
Man City មិនមានវត្តមានកីឡាករទើបឈ្នះ Ballon d’Or, Rodrigo និងកីឡាករផ្សេងទៀតដូចជា Oscar Bobb, John Stones, Jack Grealish, Ruben Dias។ បន្ថែមពីនេះកីឡាករមួយចំនួនក៏មិនទាន់មានស្ថានភាពច្បាស់លាស់ដូចជា Manuel Akanji, Nathan Ake, Kyle Walker, Kevin De Bruyne និងSavinho ផងដែរ។ ដោយសារតែវិបត្តិកីឡាកររបួសច្រើនរូបដូច្នេះ លោក Pep Guardiola បានអះអាងថា លោកកំពុងព្យាយាមអោយក្រុមធ្វើការសម្របខ្លួន ហើយត្រូវទទួលយកលទ្ធផល ខណៈដែលក្រុមគូប្រជែងរបស់លោក កំពុងបង្កើនកម្រិតលេងយ៉ាងល្អជាបន្តបន្ទាប់។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានអោយដឹងមុនការប្រកួតចូលមកដល់ថា “កីឡាករសំខាន់ៗរបស់ក្រុមជាច្រើនបានរងរបួស និងមិនមានស្ថានភាពច្បាស់លាស់។ យើងកំពុងមានបញ្ហា ហើយយើងកំពុងតស៊ូយ៉ាងខ្លាំង។”
បុរសវ័យ ៥៣ឆ្នាំបន្តថា “ភាពពិបាកក្នុងការប្រកួតនឹងកើនឡើងជាបន្តបន្ទាប់សម្រាប់ពួកយើង ព្រោះខណៈដែលយើងកំពុងមានបញ្ហាកីឡាកររបួសនោះ គូប្រកួតរបស់យើងមានការលេងល្អជាបន្តបន្ទាប់។ ខ្ញុំចង់អោយគ្រប់គ្នា មានផ្លូវចិត្តរឹងមាំ នឹងទទួលយកលទ្ធផលដែលយើងបាន ព្រោះយើងអាចនឹងជួបការបរាជ័យជាបន្តទៀត។”
ខណៈដែល Man City មិនទាន់ចាញ់ក្នុងការប្រកួត UEFA Champions League វគ្គ League Phase នេះ គូប្រកួតរបស់ពួកគេ គឺក្រុម Sporting CP ដែលកំពុងដឹកនាំដោយអនាគតគ្រូបង្វឹក Man UTD លោក Rúben Amorim ក៏ធ្វើបានល្អផងដែរ មិនថាទាំងក្នុងការប្រកួតនៅលីគកំពូលព័រទុយហ្កាល់ ឬ ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប។
សូមបញ្ជាក់ថា ការប្រកួត UEFA Champions League រវាងក្រុម Man City និង Sporting CP នឹងដំណើរការនាយប់នេះ នាកីឡដ្ឋាន José Alvalade ៕