×

Liverpool ត្រៀមចរចានាំយកខ្សែបម្រើ Aurelien Tchouameni ពី Real Madrid

ក្លិប Liverpool កំពុងត្រៀមធ្វើការផ្លាស់ប្តូរដ៏គួរអោយភ្ញាក់ផ្អើលមួយ នោះគឺការចរចានាំយកខ្សែបម្រើ Aurelien Tchouameni ពីក្លិប Real Madrid នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

កីឡាករបារាំង បានចូលរួមជាមួយ Real Madrid កាលពីរដូវក្តៅឆ្នាំ២០២២ ដោយផ្លាស់ពីក្លិប Monaco ដោយកាលណោះ រូបគេក៏បានបដិសេធសំណើពី Liverpool ដើម្បីទៅចូលរួមលេងអោយក្លិបអេស្ប៉ាញដែរ។

Aurelien Tchouameni បានរួមចំណែកជួយក្រុមជម្រើសជាតិបារាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2022 និង ជាផ្នែកនៃក្រុម Real Madrid ដែលបានឈ្នះ UEFA Champions League កាលពីរដូវកាលមុន។

រដូវកាលនេះ កីឡាករវ័យ ២៤ឆ្នាំ បានចាប់ផ្តើមគ្រប់ការប្រកួតជាមួយ Real Madrid ប៉ុន្តែរូបគេទំនងមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹក លោក Carlo Ancelotti ទៀតនោះទេ នៅពេលដែលទីផ្សារដោះដូរកីឡាករខែមករាចូលមកដល់។

ប្រភពពីសារពត៌មាន Sportbible អោយដឹងថា Real Madrid មានបំណងចង់លក់ Aurelien Tchouameni និងចង់បានខ្សែបម្រើថ្មីដែលមានកម្រិតខ្ពស់ជាងនេះ បើទោះជារូបគេមានកិច្ចសន្យាដល់ទៅ៦ឆ្នាំ នៅកីឡដ្ឋាន Santiago Bernabéu ក៏ដោយ។

បែបនេះហើយ ក្លិប Liverpool បានត្រៀមខ្លួនដើម្បីធ្វើការចរចាម្តងទៀត ដើម្បីនាំយក Aurelien Tchouameni មកកាន់កីឡដ្ឋាន Anfield ។

ការចរចាអាចនឹងមានលទ្ធភាពខ្ពស់ ដែល Aurelien Tchouameni នឹងផ្លាស់មកកាន់ការប្រកួតប្រជែងនៅក្របខណ្ឌ Premier League បន្ទាប់ពីសាមីកីឡាករមានការកោតសរសើរពីទម្រង់លេងរបស់ Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Arne Slot ដោយក្រុមហង្សក្រហមពេលនេះ កំពុងមានលទ្ធផលល្អប្រសើរ ដោយឆ្លងកាត់ការប្រកួត១០ដង នៅលីគកំពូលអង់គ្លេសពួកគេ ពួកគេឈ្នះ ៨ ចាញ់១ ស្មើ ១ មាន២៥ពិន្ទុ ឈរកំពូលតារាង ពីលើក្រុមការពារតំណែងជើងឯក Manchester City ចំនួន ២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង