×

ម្ចាស់ក្លិប Nottingham Forest ចាញ់បណ្តឹងឧទ្ទរណ៍ ការដាក់ពិន័យមិនអោយចូលទស្សនាការប្រកួតលើទីលាន

ម្ចាស់ក្លិប Nottingham Forest លោក Evangelos Marinakis បានចាញ់ក្តី ទៅលើការប្តឹងឧទ្ទរណ៍ប្រឆាំងនឹងបម្រាមរូបលោកមិនអោយចូលទស្សនាការប្រកួតនៅលើទីលាន។

ជាការពិត លោក Evangelos Marinakis ត្រូវបានដាក់ពិន័យ មិនអោយចូលទស្សនាការប្រកួតនៅលើទីលានចំនួន៥ប្រកួត ព្រោះបានបង្ហាញទង្វើស្តោះទឹកមាត់ប្រមាថមន្ត្រីអាជ្ញាកណ្តាល។ ការប្រព្រឹត្តទង្វើស្តោះទឹកមាត់ប្រមាថមន្ត្រីអាជ្ញាកណ្តាល របស់បុរសជនជាតិក្រិច គឺកើតឡើងក្នុងការប្រកួតដែល Nottingham Forest ចាញ់ Fulham ១-០ ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី៦ ដោយលោកមានការខឹងសម្បាដែលមន្ត្រីអាជ្ញាកណ្តាល បានផ្តល់ការទាត់បាល់ពិន័យ១១ម៉ែត្រ ដែលជាគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់នោះ ទៅអោយក្រុម Fulham ក្រោយពីបានពិនិត្យ VAR រួច។

ទង្វើរបស់លោក Evangelos Marinakis ត្រូវបានមន្ត្រីអាជ្ញាកណ្តាលដែលមានលោក Josh Smith, James Mainwaring និង Tim Robinson មើលឃើញនិងរៀបរាប់ថា បុរសវ័យ៥៧ឆ្នាំ បានស្តោះទឹកមាត់ភ្លាមៗនៅពេលមន្ត្រីអាជ្ញាកណ្តាល ដើរកាត់មុខលោក ដើម្បីទៅបន្ទប់ផ្លាស់សម្លៀកបំពាក់។ ទោះយ៉ាងណា លោក Evangelos Marinakis បានធ្វើការបដិសេធ ការពារខ្លួន នឹងអះអាងថា ការខាកស្តោះនោះ គឺដោយសារលោកបានក្អកព្រោះតែបានជក់បារី ៣ ដើមរួច ហើយលោកមិនមានចេតនា ខាកស្តោះ ប្រមាថមន្ត្រីអាជ្ញាកណ្តាលទេ។

បែបនេះក្តី គណៈកម្មាធិការបានច្រានចោលការបដិសេធរបស់ម្ចាស់ក្លិប Nottingham Forest រូបនេះ ដោយចង្អុលទៅលើការពិតថា គ្មានសេចក្តីថ្លែងការណ៍របស់មន្ត្រីណាម្នាក់និយាយអំពីការក្អក និងវីដេអូពីកាម៉េរ៉ាសុវត្ថិភាព ដែលអាចគាំទ្រការការពារខ្លួនរបស់លោកនោះទេ។

យ៉ាងណាក៏ដោយ លោក Evangelos Marinakis នៅតែបន្តធ្វើការប្តឹងឧទ្ទរណ៍ប្រឆាំងនឹងបម្រាម ប៉ុន្តែនៅតែត្រូវបានតុលាការសម្រេច អោយលោកចាញ់ក្តីដដែល។

ក្រុមគណៈកម្មាធិការ បានសន្មត់ថា លោក Marinakis បានស្ដោះទឹកមាត់ដោយចេតនាក្នុងការបង្ហាញការមិនគោរព និងគួរអោយស្អប់ខ្ពើមនៃការមើលងាយចំពោះមន្ត្រីការប្រកួត។ នេះជាករណីនៃការប្រព្រឹត្តខុសធ្ងន់ធ្ងរ ដែលធានាអោយមានការដាក់ទណ្ឌកម្មចំពោះសកម្មភាពមិនល្អទាំងនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង