×

គ្រូបណ្តោះអាសន្ន Man UTD ថា មើលឃើញភាពវិជ្ជមានរបស់ Man UTD

គ្រូបង្វឹកបណ្តោះអាសន្ត Man UTD លោក Ruud Van Nistelrooy បានអះអាងថា លោក បានមើលឃើញពីភាពវិជ្ជមានរបស់ក្រុម ថានឹងអាចធ្វើបានល្អកាន់តែខ្លាំង នៅក្នុងការប្រកួតបន្ទាប់ ខណៈ ក្រុមកំពុងតែកសាងទំនុកចិត្ត និងចាប់ផ្តើមមានស្មារតីខ្ពស់ឡើងវិញ។

បុរសវ័យ៤៨ឆ្នាំ បានដឹកនាំ Man UTD ចំនួន ២ប្រកួត ចាប់តាំងពីក្លិបបានបណ្តេញ លោក Erik ten Hag ចេញពីតំណែង។ ការប្រកួតទី១ ក្រុម Man UTD បានបំបាក់ក្រុម Leicester City ដោយលទ្ធផល ៥-២ នៅក្នុង ពានរង្វាន់ EFL Cup វគ្គ ១៦ក្រុមចុងក្រោយ និងជំនួបស្មើទល់នឹងក្រុម Chelsea លទ្ធផល ១-១ ក្នុងកីឡដ្ឋាន Old Trafford ។

ដឹកនាំក្រុមបាន ២ប្រកួត លោក Van Nistelrooy បាននិយាយ ថាលោកមើលឃើញពីភាពវិជ្ជមានរបស់ក្រុម ពីការបង្ហាញទម្រង់លេង ទល់នឹងក្រុម Chelsea បន្ទាប់ពីក្រុមបានឆ្លងកាត់រឿងរ៉ាវអាក្រក់ រួចមក។

លោក Van Nistelrooy បានអោយដឹងដូច្នេះ “វាពិតជារឿងដ៏លំបាកសម្រាប់ក្រុមទាំងមូល បន្ទាប់ពីមានរឿង រ៉ាវអាក្រក់ ជាច្រើនកើតឡើង។ យើងសោកស្តាយដែលបានឃើញ លោក Ten Hag ចាកចេញ ហើយយើងត្រូវការផ្តោតអារម្មណ៍ដើម្បីដឹកនាំក្រុមបន្ត និងធ្វើអោយក្រុមមានទម្រង់លេងមួយដ៏ល្អ ទល់នឹង Leicester City នាពេលកន្លងទៅ។ យើងត្រូវធ្វើអោយបានល្អ ហើយកីឡាករក៏ដូចគ្នា។”

ឆ្លងកាត់ ១០ ប្រកួត ក្នុងជំនួបក្របខណ្ឌ Premier League 2024-25 ក្រុម Man UTD មានលទ្ធផល ឈ្នះ ៣ ស្មើ ៣ ចាញ់៤ មាន១២ពិន្ទុ កំពុងឈរលេខ១៣។ រីឯ Chelsea មានលទ្ធផល ឈ្នះ៥ ស្មើ ៣ ចាញ់២ មាន១៨ពិន្ទុ ឈរលេខ៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង