×

ទោះចាញ់ Sporting CP តែគ្រូ Man City ថាពេញចិត្តជំនះភាពលំបាកនៅរដូវកាលនេះ

គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា ក្រុមរបស់លោកកំពុងជួបភាពលំបាកខ្លាំងនៅរដូវកាលនេះ ដោយសារបញ្ហាកីឡាកររបួសច្រើន ប៉ុន្តែលោកមានភាពពេញចិត្តនឹងចង់ជំនះភាពលំបាកនេះអោយទាល់តែបាន។

ការលើកឡើងរបស់បុរសជនជាតិអេស្ប៉ាញ គឺបន្ទាប់ពីក្រុម Man City របស់លោកបានប្រកួតចាញ់ក្រុម Sporting CP នៅក្នុងការប្រកួតទី៤ ពានរង្វាន់ UEFA Champions League វគ្គ League Phase ។
ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Estádio José Alvalade កាលពីយប់មិញ កីឡាករ Phil Foden ជាអ្នករកគ្រាប់បើកឆាកអោយក្រុមភ្ញៀវ Man City ក្នុងនាទី៤ ប៉ុន្តែ នាទី៣៨ Viktor Gyökeres បានរកគ្រាប់បាល់តាមស្មើអោយ Sporting CP វិញ មុនចប់វគ្គទី១។

នៅវគ្គទី២ Man City ព្យាយាមរកគ្រាប់បាល់បន្ថែមតែមិនបានសម្រេច ខណៈក្រុម ម្ចាស់ផ្ទះ Sporting CP អាចរកបានដល់ទៅ ៣គ្រាប់បន្ថែមទៀត ដោយ Maximiliano Araújo នៅនាទី ៤៦ និង Viktor Gyökeres ស៊ុតបាល់ពិន័យ១១ម៉ែត្រ ២គ្រាប់ នៅនាទី ៤៩ និង ៨១ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល Man City ១ Sporting CP ៤។

Man City ដែលជួបប្រទះបញ្ហាកីឡាកររងរបួសច្រើន បានជួបការបរាជ័យលើកទី៣ជាប់គ្នាហើយរបស់ Man City នៅរដូវកាលនេះ ដោយពួកគេបានចាញ់ Tottenham Hotspur ២-១ នៅពានរង្វាន់ EFL Cup ជុំទី៤ ចាញ់ Bournemouth ២-១ នៅ Premier League និងចាញ់ Sporting CP ៤-១ ក្នុងពានរង្វាន់ UEFA Champions League នេះ ដែលជាលទ្ធផលមិនល្អរបស់ពួកគេតាំងពីឆ្នាំ២០១៨ មក។ ទន្ទឹមនឹងនោះ គ្រូបង្វឹក Man City លោក Pep Guardiola បានទទួលស្គាល់ថា ក្រុមកំពុងជួបភាពលំបាក ប៉ុន្តែការលំបាកនេះ និងក្លាយជាការសាកល្បងថ្មីបន្ថែមទៀត សម្រាប់ក្រុម ហើយលោកពេញចិត្តនិងតស៊ូយកឈ្នះវិញ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងក្រោយចប់ការប្រកួតថា “វាជាការប្រកួតដ៏ពិបាកសម្រាប់ក្រុមរបស់យើងដែលកំពុងមានបញ្ហា ហើយយើងដឹងតាំងពីដំបូងមកម្ល៉េះ។ ទោះយ៉ាងណា ខ្ញុំស្រឡាញ់វា ហើយខ្ញុំចង់ជំនះវា ដើម្បីជួយអោយកីឡាកររបស់ខ្ញុំ មានសមត្ថភាព និង បទពិសោធ អំពីភាពលំបាកទាំងអស់នេះច្រើនបន្ថែមទៀត។”

ឆ្លងកាត់៤ប្រកួត ពានរង្វាន់ UEFA Champions League វគ្គ League Phase ក្រុម Man City ឈ្នះ២ ស្មើ ១ ចាញ់១ មាន ៧ ពិន្ទុកំពុងឈរលេខ៦ ខណៈក្រុម Sporting CP វិញ ឈ្នះ ៣ ស្មើ១ មាន១០ពិន្ទុ ឈរលេខ២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង