ក្លិប Chelsea ត្រូវបានគេរាយការណ៍ថាសុខចិត្តចំណាយប្រហែល ៥០ លានអឺរ៉ូសម្រាប់ការផ្ទេរខ្សែបម្រើ Pablo Barrios ពីក្លិបអេស្ប៉ាញ Atletico Madrid ខណៈកីឡាកររូបនេះត្រូវបានដឹងថាជាគោលដៅផ្ទេររបស់ក្លិប Liverpool ផងដែរ។
កីឡាករវ័យ ២១ ឆ្នាំ កំពុងបង្ហាញគុណផលយ៉ាងល្អនៅក្នុងការប្រកួតនៅក្របខណ្ឌ La Liga ជាមួយ Atletico Madrid ហើយដោយសារទេពកោសល្យ និង សមត្ថភាពរបស់គេ បានទាក់ភ្នែកពី Chelsea ដែលធ្វើអោយក្លិបតោខៀវនឹងយល់ព្រមចំណាយយ៉ាងធំ ដើម្បីនាំយករូបគេមកកាន់កីឡដ្ឋាន Stamford Bridge។
Pablo Barrios ត្រូវបានជឿថា អាចធ្វើការងារដ៏សំខាន់មួយនៅ Chelsea ព្រោះថាក្រុមតោខៀវប្រហែលជាត្រូវគិតអំពីការផ្លាស់ប្តូរខ្សែបម្រើកណ្តាល ចំពេលមានភាពមិនច្បាស់លាស់អំពីស្ថានភាពរបស់កីឡាករ Enzo Fernandez ។ Enzo Fernandez មិនបានឈានដល់រំពឹងទុកសម្រាប់ការលេងជាមួយ Chelsea ទេ ហើយហាក់ដូចជារូបគេកំពុងត្រូវបានទុកចោលដោយគ្រូបង្វឹកថ្មីលោក Enzo Maresca ។ សារពត៌មាន The Sun បានផ្សារភ្ជាប់ Enzo Fernandez ជាមួយ Barcelona និង Inter Milan ដូច្នេះ វាអាចថា Chelsea នឹងលក់កីឡាករអាហ្សង់ទីនដើម្បីយកប្រាក់ មកវិនិយោគលើកីឡាករថ្មីដូចជា Pablo Barrios វិញ។
Chelsea អាចនឹងជួបប្រទះភាពលំបាកខ្លះដែរ ដោយ Barrios ក៏ជាគោលដៅមួយរូបរបស់ Liverpool នៅទីផ្សារដោះដូរកីឡាករខែមករា។ វាក៏ជាការពិបាកសម្រេចចិត្តរបស់កីឡាករអេស្ប៉ាញ ក្នុងការជ្រើសរើសរវាងក្លិបទាំង២ ដ្បិតទាំង Chelsea និង Liverpool សុទ្ធតែជាក្លិបមានភាពល្បីល្បាញនៅក្របខណ្ឌ Premier League ។
Pablo Barrios អាចមានឱកាសច្រើនក្នុងការលេងជាទៀងទាត់ ប្រសិនបើគេជ្រើសរើស Chelsea ហើយអាចទៅជំនួស Enzo Fernandez ប៉ុន្តែ Liverpool គឺជាក្រុមដែលកំពុងមានការប្រកួតប្រជែងដ៏លេចធ្លោនៅពេលនេះ។ ក្រុមហង្សក្រហមបានធ្វើការចាប់ផ្តើមដ៏អស្ចារ្យក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Arne Slot ដែលកំពុងកសាង និងកែលម្អការងារនៅក្នុងក្រុម។ ផ្លាស់ទៅ Liverpool នោះ Barrios ប្រហែលជាមានការធានាការឈ្នះពានរង្វាន់ក្នុងពេលឆាប់ៗនេះហើយនឹងអាចរកឃើញការប្រកួតប្រជែងបន្ថែមទៀតនៅក្នុងក្រុមរបស់លោក Slot ផងដែរ។
យ៉ាងណា Liverpool បានចុះហត្ថលេខាលើ Ryan Gravenberch, Alexis Mac Allister, Dominik Szoboszlai និង Wataru Endo កាលពីឆ្នាំមុន ខណៈដែល Curtis Jones គឺជាតួអង្គសំខាន់មួយទៀតនៅក្នុងតំណែងខ្សែបម្រើរបស់ក្រុម ដូច្នេះវាមិនច្បាស់ទេថា តើ Barrios នឹងលេងជាទៀងទាត់សម្រាប់ក្លិបនៅតំបន់ Merseyside ឬយ៉ាងណាទេ៕