×

Leicester City ចង់នាំយកខ្សែបម្រើ Jack Clarke ពី Ipswich Town

ក្លិប Leicester City ត្រូវបានរាយការណ៍ថា ចង់ចុះហត្ថលេខានាំយកខ្សែបម្រើ Jack Clarke ពីក្លិបគូប្រជែងក្នុងក្របខណ្ឌ Premier League គឺក្លិប Ipswich Town។

កីឡាករវ័យ ២៣ ឆ្នាំ បានក្លាយជាគោលដៅសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Steve Cooper ដើម្បីមកពង្រឹងក្រុមឡើងវិញ បន្ទាប់ពីការចាប់ផ្តើមមិនបានល្អនៅ ក្នុងការប្រកួតប្រជែងរដូវកាលនេះ ។

ចូលមកដឹកនាំ Leicester City ជំនួសលោក Enzo Maresca កាលពីរដូវក្តៅនេះ លោក Cooper ទោះបីជាមានបទពិសោធន៍ក្នុងការដឹកនាំក្លិបនៅ Premier League ដូចជា Nottingham Forest ក្តីប៉ុន្តែលោកបែរជាមានការស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកនៅកីឡដ្ឋាន King Power។

ឆ្លងកាត់១០ប្រកួតនៅលីគកំពូលអង់គ្លេសរដូវកាលថ្មី Leicester City ឈ្នះតែ២ដង ស្មើ៤ដង ចាញ់៤ដង ដែលធ្វើអោយពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ១៥មានតែ១០ពិន្ទុ។ លទ្ធផលនេះបានបង្កើនសម្ពាធលើលោក Steve Cooper ដែលត្រូវតែកែប្រែសមត្ថភាពរបស់ក្រុមជាបន្ទាន់។

ដូច្នេះហើយ គ្រូបង្វឹកវ័យ៤៤ឆ្នាំ ក៏បានសម្លឹងមើលការផ្ទេរយកកីឡាករថ្មី ពីទីផ្សារដោះដូរកីឡាករខែមករា ហើយ Jack Clarke បានក្លាយជាគោលដៅចម្បង។

សម្រាប់កីឡាករ Jack Clarke ទើបតែចូលរួមជាមួយ Ipswich Town កាលពីរដូវក្តៅកន្លងទៅ ក្រោយចាកចេញពីក្លិបលីគទី២ Sunderland ជាមួយ កិច្ចព្រមព្រៀងដែលមានតម្លៃ ១៥ លានផោន។ រូបគេបានបង្ហាញខ្លួន ៩ប្រកួត គ្រប់កម្មវិធី សម្រាប់ Ipswich Town ហើយបើទោះជាមិនបានរកគ្រាប់បាល់បញ្ចូលទីក៏ពិតមែន ប៉ុន្តែរូបគេបានជួយក្រុមផ្លាស់ប្តូរស្ថានការណ៍បានជាច្រើនដង។

Jack Clarke នៅសល់កុងត្រារយៈពេល ៤ ឆ្នាំកន្លះ ហើយមានតម្លៃប្រហែល ២០លានផោន ប៉ុន្តែ ដោយមានការចាប់អារម្មណ៍ខ្លាំងពី Leicester City ដូច្នេះ Ipswich Townអាចនឹងធ្វើអោយតម្លៃរបស់កីឡាករកើនឡើងច្រើនជាងនេះនាពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង