×

លោក MiKel Arteta ថា Arsenal បាត់បង់មហិច្ឆិតាទើបចាញ់ការប្រកួតទល់នឹង Inter Milan

គ្រូបង្វឹកលោក MiKel Arteta បាននិយាយថា ក្រុម Arsenal របស់លោកបានបាត់បង់មហិច្ឆិតាហើយ ទើបទទួលលទ្ធផលចាញ់ការប្រកួតទល់នឹង Inter Milan នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីយប់មិញ។

ជាការពិត Arsenal បានចាញ់ Inter Milan ដោយលទ្ធផល ១-០ ក្នុងប្រកួតទី៤ វគ្គ League Phase ពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនាកីឡដ្ឋាន San Siro។ ការប្រកួតនោះ Arsenal លេងគ្របដណ្តប់លើគូប្រកួតបានស្ទើរទាំងស្រុង ដោយស្ថិតិនៃការគ្រប់គ្រងបាល់ពួកគេមានដល់ទៅ ៦៣ភាគរយ ហើយឱកាសស៊ុតមានដល់ទៅ២០ដង ខណៈក្រុមម្ចាស់ផ្ទះ Inter Milan មានឱកាសស៊ុតតែ៧ដង។

ទោះជាមានការលេងគ្រប់ដណ្តប់គូរប្រកួតបានដូច្នេះ ប៉ុន្តែក្រុម Arsenal បែរជាមិនអាចរកគ្រាប់បាល់បានទៅវិញ។ រីឯ Inter Milan មានឱកាសរកបាន១គ្រាប់ ដោយការលេង ៩០នាទី មានគ្រាប់បាល់បញ្ចូលទីកើតឡើងតែ១ដងគត់ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្រពីកីឡាករ Hakan Çalhanoğlu នៅនាទី៤៥+៣ ធ្វើអោយជ័យជំនះបានទៅលើក្រុម Inter Milan។

ការលេងដែលអាចគាបសង្កត់គូប្រកួតតែបែរជាមិនអាចយកឈ្នះបានដូចនេះ បានធ្វើអោយគ្រូបង្វឹក Arsenal លោក MiKel Arteta មានការមិនសប្បាយចិត្តជាមួយកូនក្រុម និងបានអះអាងពីភាពខ្វះខាត ថាក្រុមបានបាត់បង់មហិច្ឆិតាចង់ឈ្នះ។

លោក MiKel Arteta បានអោយដឹងក្រោយចប់ការប្រកួតដូចនេះ “វាជាការប្រកួតដែលអាក្រក់បំផុត។ កូនក្រុមរបស់ខ្ញុំបានបាត់បង់មហិច្ឆិតាចង់ឈ្នះការប្រកួត។ យើងបានប្រកួតជាមួយក្រុមខ្លាំងមួយនៅអឺរ៉ុប យើងគួរតែប្រឹងប្រែងអោយអស់ពីសមត្ថភាព ប៉ុន្តែខ្ញុំមិនបានឃើញរឿងនេះ នៅក្នុងខ្លួនកីឡាករខ្ញុំទេ ហើយលទ្ធផលចេញមកដូច្នេះ វាពិបាកសម្រាប់រូបខ្ញុំក្នុងការទទួលយកវា។”

ឆ្លងកាត់៤ប្រកួតក្នុងពានរង្វាន់ UEFA Champions League ក្រុម Arsenal ឈ្នះ២ ស្មើ១ ចាញ់១ មាន ៧ពិន្ទុឈរលេខ១២ រីឯ Inter Milan ឈ្នះ ៣ ស្មើ១ មាន ១០ពិន្ទុ ឈរលេខ៥៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង