គ្រូបង្វឹកលោក Julen Lopetegui បានរងការព្រមានពី ក្លិប West Ham United ថារូបលោកអាចនឹងរបូតតំណែងប្រសិនបើលទ្ធផលនៃការប្រកួតនៅតែមានភាពមិនល្អប្រសើរ។ នេះបើកតាមការផ្សព្វផ្សាយពីសារពត៌មាន Dailymail។
West Ham United បានបណ្តេញលោក David Moyes ចេញកាលពីរដូវក្តៅ ហើយបានតែងតាំងលោក Julen Lopetegui មកកាន់តំណែងជាគ្រូបង្វឹកជាបន្ត។ ក្រុមញញួរយក្សបានបញ្ចប់ក្នុងចំណាត់ថ្នាក់ពាក់កណ្តាលតារាងក្របខណ្ឌ Premier League កាលពីរដូវកាលមុន ប៉ុន្តែពួកគេនៅតែចង់បានលទ្ធផលល្អប្រសើរជាងនេះ ទើបបានជាសម្រេចចិត្តចែកផ្លូវជាមួយលោក David Moyes ហើយនាំយកលោក Julen Lopetegui ដូច្នេះពួកគេអាចប្រកួតប្រជែងបានជាមួយនឹងក្លិបធំៗដទៃ។
West Ham បានគាំទ្រលោក Lopetegui នៅក្នុងទីផ្សារដោះដូរកីឡាករ ហើយបានចំណាយ នាំយកកីឡាករច្រើនបំផុតមិនធ្លាប់មាននាពេលកន្លងមក ដោយបានចុះហត្ថលេខាលើកីឡាករដូចជា Crysencio Summerville, Carlos Soler, Niclas Fullkrug និងកីឡាករផ្សេងទៀតដើម្បីបង្ហាញពីមហិច្ឆតារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ រដូវកាលនេះ វានៅតែមានភាពមិនល្អប្រសើរខ្លាំងសម្រាប់ West Ham ដដែល ដោយពួកគេទើបតែបានឈ្នះការប្រកួតចំនួន ៣ ប៉ុណ្ណោះក្នុងចំណោម ១០ប្រកួតនៅក្របខណ្ឌ Premier League ។ ការបរាជ័យ ៣-០ ក្រោមថ្វីជើង Nottingham Forest កាន់តែបន្ថែមសម្ពាធដល់បុរសវ័យ ៥៨ឆ្នាំ។ លទ្ធផលមិនល្អបែបនេះ បានធ្វើអោយថ្នាក់ដឹកនាំក្លិប West Ham United ធ្វើការព្រមាន លោក Julen Lopetegui អំពីការងារជាគ្រូបង្វឹកនៅកីឡដ្ឋាន London Stadium ។ វាក៏ជាលើកទី២ដែរ ដែលលោក Lopetegui រងការព្រមានអំពីលទ្ធផលមិនល្អកន្លងមក។
ខណៈដែលកៅអីរបស់លោក Julen Lopetegui កំពុងឡើងកម្តៅនោះ ក៏មានការរាយការណ៍អោយដឹងថា ក្លិប West Ham United បានសម្លឹងឃើញបេក្ខភាពថ្មី ដើម្បីទុកជំនួសលោក Julen Lopetegui ដែរ នោះគឺលោក Edin Terzic អតីតគ្រូបង្វឹក Borussia Dortmund។ បុរសវ័យ៤២ឆ្នាំ បានឈ្នះពានរង្វាន់ DFB-Pokal មុនពេលលាលែងពីតំណែងនៅ Dortmund ហើយសមត្ថភាពនៃការដឹកនាំរបស់លោក បានទាក់ទាញចំណាប់អារម្មណ៍ក្លិប West Ham United ក្នុងការនាំយករូបលោកមកកាន់តំណែងជាបន្ត។ ក្លិប West Ham United ជឿថា លោកEden Terzic អាចនឹងក្លាយជាអ្នកជួយក្លិបអោយមានភាពរស់រវើកឡើងវិញ និង អាចដោះស្រាយវិបត្តិដែលកំពុងកើតឡើង។
West Ham United ដែលកំពុងឈរចំណាត់ថ្នាក់លេខ ១៤ នៅ Premier League ត្រូវការគំនិតថ្មីៗ ពីគ្រូបង្វឹកដែលអាចធ្វើអោយប្រសើរឡើងនូវកម្រិតកីឡាករនៅក្នុងក្លិប ដែលជាអ្វីមួយដែល Lopetegui បានបរាជ័យ។ កន្លងមក លោក Edin Terzic ត្រូវបានផ្សារភ្ជាប់ជាមួយ Man UTD ដែរ ប៉ុន្តែក្រោយពីដំណឹងដែលក្លិបបិសាចក្រហមជិតនាំយកលោក Ruben Amorim នោះ ធ្វើអោយ West Ham មានផ្លូវងាយស្រួលក្នុងការនាំយកលោក Terzic មកជាគ្រូបង្វឹកថ្មី៕