ក្លិប Aston Villa ត្រូវបានរាយការណ៍ថា កាន់តែមានភាពរយខ្ពស់ក្នុងការបាត់បង់ខ្សែប្រយុទ្ធ Jhon Duran នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ បន្ទាប់ពីរូបគេបានទទួលការចាប់អារម្មណ៍ពីក្លិបធំៗដូចជា Paris Saint-Germain និង Arsenal។
កីឡាករកូឡុំប៊ី កំពុងសាងភាពលេចធ្លោទាំងនៅក្នុងការប្រកួតក្របខណ្ឌ Premier League និង UEFA Champions League ហើយចំណាប់អារម្មណ៍លើរូបគេកាន់តែកើនឡើងបន្ថែមទៀត ក្រោយពីការរកគ្រាប់បាល់បញ្ចូលទីដ៏អស្ចារ្យរបស់គេទល់នឹង Bayern Munich នៅ កីឡដ្ឋាន Villa Park ។ Jhon Duran រកបាន ៨ គ្រាប់ហើយ នៅរដូវកាលនេះ ដែលក្នុងនោះ ៤ គ្រាប់នៅលីគកំពូលអង់គ្លេស និង ២ គ្រាប់នៅ UEFA Champions League និង ២ គ្រាប់ទៀតនៅ EFL Cup ។
Aston Villa ត្រូវបានគេរំពឹងថានឹងស្នើសុំ ៨០លានផោនដើម្បីចែកផ្លូវជាមួយ កីឡាករវ័យ២០ឆ្នាំ ហើយសំណើនេះកំពុងត្រូវបានសិក្សាដោយ Paris Saint-Germain។ យ៉ាងណា ក្រុមរបស់លោក Luis Enrique កំពុងសម្លឹងមើលការលក់ខ្សែប្រយុទ្ធ Goncalo Ramos ដូច្នេះពួកគេអាចចុះហត្ថលេខាលើ Jhon Duran ពី Aston Villa បាន។ Goncalo Ramos មិនបានបង្ហាញការលេងដ៏គួរអោយពេញចិត្តដល់ Paris Saint-Germain ក្នុងរដូវកាលនេះ ហើយបញ្ហាសុខភាពរបស់គេបានធ្វើអោយក្លិបនៅក្របខណ្ឌ Ligue 1 កាន់តែមានភាពខកចិត្ត។ ឥឡូវនេះParis Saint-Germainបានត្រៀមខ្លួនជាស្រេចដើម្បីកំណត់គោលដៅផ្លាស់ប្តូរសម្រាប់ Jhon Duran ។
ទោះយ៉ាងណា Paris Saint-Germain នឹងជួបគូប្រជែងធំដូចជា Arsenal ដែលកំពុងបង្ហាញចំណាប់អារម្មណ៍លើសមត្ថភាពដ៏ខ្លាំងរបស់ Jhon Duran ។ ជាការពិត ក្រុមកាំភ្លើងធំកំពុងតស៊ូដើម្បីរកគ្រាប់បាល់នៅរដូវកាលនេះ បន្ទាប់ពីការបញ្ចេញសមត្ថភាពដ៏ខកចិត្តរបស់ Kai Havertz និង Leandro Trossard ហើយវាអាចបង្ខំអោយគ្រូបង្វឹកលោក Mikel Arteta ឈានជើងចូលទៅក្នុងទីផ្សារសម្រាប់ខ្សែប្រយុទ្ធថ្មី។
សម្រាប់ Jhon Duran វិញ ភាគច្រើនលេងជាខ្សែប្រយុទ្ធបម្រុងនៅ Aston Villa ហើយដូច្នេះរូបគេប្រហែលជាបើកចំហរក្នុងការចាកចេញពីក្លិបដើម្បីទទួលបានពេលវេលាលេងបន្ថែមទៀត៕