×

Chelsea ត្រៀមប្រជែងក្លិបដទៃនាំយកខ្សែបម្រើ Samuele Ricci របស់ Torino

ក្លិប Chelsea ស្ថិតក្នុងចំណោមក្លិបដែលបង្ហាញការចាប់អារម្មណ៍លើការផ្ទេរដ៏មានសក្តានុពល ខ្សែបម្រើ Samuele Ricci របស់ក្លិប Torino។

កីឡាករអ៊ីតាលី បានសាងភាពលេចធ្លោក្នុងក្របខណ្ឌ Serie A ដែលធ្វើអោយមានការចាប់អារម្មណ៍ជាច្រើនចំពោះរូបគេនៅពេលនេះ។

Chelsea ត្រូវបានដឹងថា បានចាប់អារម្មណ៍ Samuele Ricci រួចទៅហើយ ប៉ុន្តែថ្មីៗនេះ Man City, Real Madrid និង Inter Milan ក៏កំពុងតាមសម្លឹងមើលកីឡាករ វ័យ២៣ឆ្នាំ ផងដែរ។

សម្រាប់ ក្លិប Torino ចង់បញ្ចេញ Samuele Ricci ទៅអោយក្លិបដែលស្ថិតនៅក្រៅប្រទេសអ៊ីតាលី ហើយនោះវាអាចផ្តល់អត្ថប្រយោជន៍ដល់ Chelsea ដែលទំនងជាមានភាគរយខ្ពស់ក្នុងការនាំយកកីឡាករថ្មីមួយរូប បន្ទាប់ពីការលេងដែលមិនឈានដល់ការរំពឹងទុក របស់ខ្សែបម្រើ Enzo Fernandez នៅកីឡដ្ឋាន Stamford Bridge ។

Chelsea បានចំណាយយ៉ាងច្រើនក្នុងការវិនិយោគលើ Enzo Fernandez ប៉ុន្តែគុណផលរបស់គេរាល់ការប្រកួតនានា មិនត្រូវតាមការចង់បានរបស់ក្រុមដូចពេលដែលរូបគេបង្ហាញសមត្ថភាពនៅ Benfica នោះទេ។ ដូច្នេះហើយ Samuele Ricci អាចជាកីឡាករដែលអាចធ្វើអោយក្រុមតោខៀវមានភាពល្អប្រសើរឡើងវិញ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Samuele Ricci នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៦ ហើយ Torino អាចនឹងបញ្ចេញរូបគេក្នុងតម្លៃប្រមាណ៤០លានអឺរ៉ូ ដែលជាតម្លៃមួយ Chelsea អាចធ្វើការពិចារណាបាន។

ចំពោះ Enzo Fernandez វិញ ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Real Madrid ជាបេក្ខភាពដែលអាចជំនួសខ្សែបម្រើ Aurelien Tchouameni ខណៈដែលគេកំពុងក្លាយជាគោលដៅផ្ទេររបស់ Liverpool។ Enzo Fernandez បានបង្ហាញសក្តានុពលដ៏អស្ចារ្យអំឡុងពេលលេងនៅក្លិប Benfica ប៉ុន្តែមានការធ្លាក់ចុះក្នុងការលងអោយ Chelsea។

យ៉ាងណា កីឡាករវ័យ២៤ឆ្នាំ អាចនឹងត្រឡប់ទៅកាន់ចំនុចខ្លាំងរបស់ខ្លួនវិញ ប្រសិនបើគេអាចរកក្លិប និង គ្រូបង្វឹកដែលស័ក្កសម ហើយ Real Madrid បានក្លាយជាក្លិបដែលកំពុងសម្លឹងមើលការវិវឌ្ឈនេះ។ មួយវិញទៀត អាជីពរបស់ Enzo Fernandez និង Chelsea ហាក់មិនឈានទៅមុខទៀតឡើយ ក្រោយពីរូបគេត្រូវមើលរំលងដោយគ្រូបង្វឹកលោក Enzo Maresca ដូច្នេះការស្វែងរកទ្រនំថ្មីជារឿងដែល Enzo Fernandez អាចជ្រើសរើសយក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង