ក្លិប Tottenham Hotspur កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើខ្សែការពារ Andrei Ratiu របស់ក្លិប Rayo Vallecano នៅមុនទីផ្សារដោះដូរកីឡាករឆ្នាំ ២០២៥ ដោយរូបគេអាចនឹងកា្លយជាអ្នកមកជំនួសខ្សែការពារ Pedro Porro ។
Pedro Porro បានទទួលការចាប់អារម្មណ៍ចាប់តាំងពីចូលរួមជាមួយ Tottenham Hotspur កាលពីរដូវក្តៅមុនដោយផ្លាស់មកពីក្លិប Sporting CP ហើយរូបគេគឺជាកីឡាករសំខាន់មួយរូបក្នុងក្រុមរបស់គ្រូបង្វឹកលោក Ange Postecoglou នៅកីឡដ្ឋាន Tottenham Hotspur Stadium។ កីឡាករអេស្ប៉ាញ បានបង្ហាញខ្លួនចំនួន ៦៥ ដងសម្រាប់ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង ចែកបាល់សម្រេចទីចំនួន១០ដង។
គុណផលរបស់កីឡាករវ័យ ២៥ ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លិប Real Madrid ដែលកំពុងសម្លឹងរកមើលទិញខ្សែការពារស្តាំថ្មី បន្ទាប់ពីរបួសរយៈពេលវែងរបស់ Dani Carvajal ។ ខ្សែការពារ Trent Alexander-Arnold របស់ Liverpool គឺជាគោលដៅចម្បងមួយរូបរបស់ក្លិបម្ចាស់ជើងឯក La Liga ដែរ ប៉ុន្តែប្រសិនបើកីឡាករអង់គ្លេសសម្រេចចិត្តបន្តនៅជាមួយក្លិបហង្សក្រហម នោះ Pedro Porro គឺជាជម្រើសបន្ទាប់សម្រាប់ Real Madrid ។ ចំពោះ Tottenham Hotspur ក៏បានដឹងពីពត៌មាននេះ ហើយបានត្រៀមរួចជាស្រេចចំពោះការចាកចេញរបស់កីឡាករដ៏មានសក្តានុពលរបស់ពួកគេ ដោយការសម្លឹងរកមើលកីឡាករមានទេព្យកោសល្យថ្មី។
ប្រភពពីសារពត៌មាន Caught Offside អោយដឹងថា ក្លិបមាន់ខ្នាយមាស កំពុងតាមដានខ្សែការពារ Andrei Ratiu របស់ក្លិបអេស្ប៉ាញ Rayo Vallecano ហើយអាចធ្វើការផ្លាស់ប្តូរនៅពេលខាងមុខ។ Andrei Ratiu ទទួលបានការចាប់អារម្មណ៍ ដោយសាររូបគេគឺជាផ្នែកមួយដ៏សំខាន់នៃភាពជោគជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានីនៅព្រឹត្តិការណ៍ UEFA Euro 2024 នៅពេលដែលពួកគេ ឈានដល់វគ្គ១៦ក្រុម ក្នុងការប្រកួតដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។
ទម្រង់លេងរបស់កីឡាករវ័យ២៦ឆ្នាំមិនត្រឹមតែល្អជាមួយក្រុមជម្រើសជាតិទេ ប៉ុន្តែវាក៏បន្តដល់ការលេងជាមួយ Rayo Vallecano ដែរ ដែលធ្វើអោយរូបគេស្ថិតក្នុងរ៉ាដារបស់ក្លិបជាច្រើនដោយមិនត្រឹមតែ Tottenham Hotspur ប៉ុណ្ណោះទេ ប៉ុន្តែក៏មានក្លិប Atletico Madrid និង Bayer Leverkusen ផងដែរ។
សម្រាប់សាមីកីឡាករ Andrei Ratiu បានត្រៀមខ្លួនក្នុងការចាកចេញពី Rayo Vallecano រួចហើយ ដូចនេះ វាអាចមានភាពងាយស្រួលច្រើនសម្រាប់ការចរចារបស់ Tottenham Hotspur។ រូបគេអាចនឹងជំនួស Pedro Porro ឬក៏អាចផ្តល់អោយលោក Postecoglou ជាមួយនឹងជម្រើសដ៏ល្អមួយសម្រាប់ប្រព័ន្ធការពាររបស់ក្រុម៕