
ប្រភពពីសារព័ត៌មាន BBC នៅអង់គ្លេសបានអោយដឹងថា ខ្សែបម្រើ Declan Rice នឹងបន្តចូលរួមការប្រកួតរបស់ក្រុម Arsenal នៅក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះទោះមានបញ្ហាបាក់ឆ្អឹងម្រាមជើងក្តី។
កីឡាករអង់គ្លេស បានទទួលរងបញ្ហារបួសនៅក្នុងការប្រកួត Premier League ដែល Arsenal បានចាញ់ Newcastle United ១-០។ របួសនេះបានធ្វើអោយរូបគេខកខានបង្ហាញខ្លួនក្នុងការប្រកួតដែល Arsenal ចាញ់ Inter Milan ១-០ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នាពេលកន្លងទៅ។
ទោះយ៉ាងណា ក្រោយខកខានបង្ហាញខ្លួនក្នុងការប្រកួតនាកីឡដ្ឋាន San Siro ដោយសាររបួសកីឡាករ វ័យ២៥ឆ្នាំ ត្រូវបានដឹងថា ត្រូវបានបញ្ចូលឈ្មោះ ក្នុងបញ្ជីកីឡាកររបស់ក្រុមកាំភ្លើងធំ សម្រាប់ការប្រកួតទល់នឹងក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge។
បន្ថែមពីនេះ Declan Rice ក៏ត្រូវបានដឹងថា ត្រូវបានគ្រូបង្វឹកបណ្តោះអាសន្នក្រុមជម្រើសជាតិអង់គ្លេស លោក Lee Carsley បញ្ចូលឈ្មោះរូបគេទៅក្នុងបញ្ជីកីឡាករ២៦រូប សម្រាប់ការប្រកួត ពានរង្វាន់ UEFA Nations League ២ប្រកួតក្នុងខែវិច្ឆិកានេះដែរ ដោយអង់គ្លេសត្រូវធ្វើដំណើរទៅជួបក្រុមជម្រើសជាតិក្រិចនៅថ្ងៃទី ១៤ រួចបន្តស្វាគមន៍ក្រុមអៀរឡង់ នៅ៣ថ្ងៃបន្ទាប់ពីនោះ។
សម្រាប់វត្តមានរបស់ Declan Rice ក្នុងការប្រកួតរបស់ក្រុម Arsenal វិញ បានធ្វើអោយគ្រូបង្វឹកលោក Mikel Arteta មានភាពធូរស្រាលខ្លះដែរ ខណៈដែលបុរសជនជាតិអេស្ប៉ាញប៉ុនប៉ងស្វែងរកជ័យជំនះមកវិញ បន្ទាប់ពីចាញ់ការប្រកួត ដោយលទ្ធផល ១-០ ជាប់គ្នាចំនួនពីរប្រកួតមកហើយ។ ក្រៅពី Declan Rice ហើយ ដៃគូរបស់គេ គឺខ្សែបម្រើ Martin Odegaard ក៏បានវិលត្រឡប់មករួមក្រុម Arsenal វិញដែរ ក្រោយពីអវត្តមានជាង២ខែ ដោយសាររបួស។
ឆ្លងកាត់ការប្រកួត ចំនួន១០ដង នៅក្របខណ្ឌ Premier League ក្រុម Arsenal មានលទ្ធផល ឈ្នះ៥ ស្មើ ៣ ចាញ់២ មាន១៨ពិន្ទុឈរលេខ៥ក្នុងតារាងពិន្ទុ។ រីឯគូប្រកួត របស់ពួកគេ ដែលជាក្រុម Chelsea នោះ ឆ្លងកាត់១០ប្រកួត ឈ្នះ ៥ស្មើ៣ ចាញ់២ ដង មាន១៨ពិន្ទុដូចគ្នា កំពុងឈរលេខ៤ក្នុងតារាងពិន្ទុ៕