
ក្លិប Crystal Palace បានធ្វើការស៊ើបអង្កេតលើករណីរើសអើងជាតិសាសន៍ខ្សែបម្រើ Daichi Kamada ពីសំណាក់អ្នកគាំទ្រ ក្រោយពីរូបគេត្រូវបានពិន័យកាតក្រហមក្នុងជំនួបក្របខណ្ឌ Premier League ទល់នឹង Fulham កាលពីចុងសប្តាហ៍កន្លងទៅ។
កីឡាករជប៉ុន បានទទួលការពិន័យកាតក្រហមនៅនាទី៧៦ ដោយសារការបង្កកំហុសលើខ្សែការពារហូឡង់ Kenny Tete របស់ Fulham ក្នុងការប្រកួតនាកីឡដ្ឋាន Selhurst Park ។ ការប្រកួតរវាងក្រុមទាំង២ក៏បញ្ចប់ទៅដោយ Crystal Palace បានចាញ់ Fulham តាមរយៈលទ្ធផល ២-០។
បែបនេះក្តី Daichi Kamada បានរងការប្រមាថរើសអើងជាតិសាសន៍ និងរងការរិះគន់ពីគុណផលរបស់គេសម្រាប់ក្រុម។
យ៉ងណាក៏ដោយ ការប្រមាថរើសអើងជាតិសាសន៍លើកីឡាករ វ័យ២៨ឆ្នាំនោះ បានធ្វើអោយ ក្លិប Crystal Palace មានការមិនពេញចិត្ត និង ថាជាទង្វើ ដែលមិនអាចទទួលយកបានពីសំណាក់អ្នកគាំទ្រទាំងអស់នោះ។
ក្លិប Crystal Palace បានចេញសេចក្តីថ្លែងការដូច្នេះថា “ក្លិបមិនអត់ឱនចំពោះការប្រមាថរើសអើងជាតិសាសន៍នោះទេ ហើយក្លិបនឹងចាត់វិធានការដែលមានប្រសិទ្ធភាពភ្លាមៗ ប្រឆាំងនឹងទង្វើរដែលមិនគួរកើតមានទាំងអស់នោះ។”
សម្រាប់កាតក្រហមដែល Daichi Kamada ទទួលបាននោះ នឹងធ្វើអោយរូបគេខកខានការប្រកួតរបស់ Crystal Palace នៅក្របខណ្ឌ Premier League ចំនួន៣ប្រកួត គឺការប្រកួតទល់នឹង Aston Villa, Newcastle និង Ipswich។
ឆ្លងកាត់១១ប្រកួតនៅក្របខណ្ឌ Premier League 2024-25 រួចមក Crystal Palace ឈ្នះតែ១ដងប៉ុណ្ណោះ និងស្មើ ៤ ចាញ់៦ ដែលធ្វើអោយពួកគេធ្លាក់ទៅឈរនៅតំបន់កាត់ចោលលេខ១៨ មានតែ៧ពិន្ទុ៕