អាជីពជាគ្រូបង្វឹករបស់លោក Julen Lopetegui ជាមួយ West Ham United កាន់តែមានភាពអួរអ័ព្ទ ដោយកីឡាករជាច្រើនរូបចាប់ផ្តើម បង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ក្រោយពីការប្រកួតស្មើគ្នាទល់នឹង Everton កាលពីចុងសប្តាហ៍កន្លងទៅ។
West Ham United បានប្រកួតស្មើដោយលទ្ធផល ០-០ ទល់នឹង Everton ក្នុងក្របខណ្ឌ Premier League ហើយលោក Julen Lopetegui ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់គាត់ចាប់ផ្តើមរដូវកាលដ៏ខកចិត្ត។
ក្រុមញញួរយក្ស បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៤ ក្នុងតារាងលីគ ដោយឈ្នះតែ ៣ ដងប៉ុណ្ណោះពីការប្រកួតលីគចំនួន១១លើក។ ពួកគេរំពឹងការឈ្នះការប្រកួតទល់នឹង Everton ប៉ុន្តែបែរជាបរាជ័យក្នុងការរក៣ពិន្ទុម្តងទៀត។ ក្រៅពីលទ្ធផលប្រកួតដ៏ខកចិត្ត លោក Lopetegui ក៏រងការរិះគន់ចំពោះការរៀបចំក្រុមផងដែរ។
បុរសសញ្ជាតិអេស្ប៉ាញបានប្តូរ Michail Antonio និង Aaron Wan-Bissaka ចេញពីទីលាន ដែលបានធ្វើអោយ កីឡាករទាំង២ មិនសប្បាយចិត្តស្របពេលអ្នកគាំទ្រក៏កំពុងមានភាពងឿងឆ្ងល់ពីការដឹកនាំរបស់បុរសវ័យ ៥៨ឆ្នាំ។ Michail Antonio និង Aaron Wan-Bissaka បានធ្វើយ៉ាងល្អក្នុងការប្រកួតទល់នឹង Everton នោះ ប៉ុន្តែការប្តូរពួកគេចេញបានធ្វើអោយ West Ham របូតឱកាសយក៣ពិន្ទុ។ កីឡាករដទៃទៀតដូចជា Edson Alvarez និង Guido Rodriguez ក៏បានបង្ហាញពីការខកចិត្តរបស់ពួកគេ អំឡុងពេលផ្លាស់ប្តូរកីឡាករក្នុងការប្រកួត។ វាហាក់ដូចជាលោក Lopetegui កំពុងបាត់បង់ទំនុកចិត្តទាំងពីសំណាក់ថ្នាក់ដឹកនាំក្លិប កីឡាករ និងអ្នកគាំទ្ររបស់ West Ham។
អ្នកគាំទ្រមានការខកចិត្តរួចទៅហើយជាមួយនឹងទម្រង់លេង និងលទ្ធផលដ៏ខកចិត្ត ហើយកីឡាករក៏មិនសប្បាយចិត្តនឹងការផ្លាស់ប្តូរកីឡាកររបស់លោក Lopetegui ផងដែរ។ ភាពរអាក់រអួលនេះ បានធ្វើអោយលោក Julen Lopetegui កាន់តែមានសម្ពាធបន្ថែមក្នុងការកាន់តំណែងនាកីឡដ្ឋាន London Stadium។
លោក Lopetegui ត្រូវបានក្លិបគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងពេលរដូវក្តៅ ហើយ West Ham នឹងរំពឹងថា លោកនឹងបញ្ចប់រដូវកាលនេះក្នុងលទ្ធផលល្អ ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមមានភាពធ្លាក់ចុះជាបន្តបន្ទាប់។ កន្លងទៅ លោក Julen Lopetegui ក៏ទទួលការព្រមានជាច្រើនដងអំពីលទ្ធផលរបស់ក្រុម ហើយបើវានៅមិនមានភាពល្អប្រសើរ នោះអនាគតរបស់លោកជាមួយ West Ham នឹងមិនមានភាពយូរអង្វែងនោះទេ៕