×

ខ្សែបម្រើ Kiernan Dewsbury-Hall របស់ Chelsea ក្លាយជាគោលដៅផ្ទេររបស់ Aston Villa

ខ្សែបម្រើ Kiernan Dewsbury-Hall របស់ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងក្លាយជាគោលដៅផ្ទេររបស់ Aston Villa នៅទីផ្សារដោះដូរកីឡាករនាខែមករា បន្ទាប់ពីរូបគេខ្សត់ពេលវេលាក្នុងការលេងនៅកីឡដ្ឋាន Stamford Bridge ។

កីឡាករវ័យ ២៦ឆ្នាំ បានចូលរួមជាមួយ Chelsea ពី Leicester City នៅទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយដំបូងឡើយវាហាក់ដូចជាការចុះហត្ថលេខាដ៏គួរអោយរំភើបសម្រាប់រូបគេបន្ទាប់ពី លេងបានយ៉ាងល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Enzo Maresca អំឡុងពេលអ្នកទាំង២រួមការងារជាមួយគ្នានៅ Leicester City នោះ។

នៅពេលលោក Enzo Maresca មកកាន់តំណែងនៅ Chelsea លោកក៏បាននាំយក Kiernan Dewsbury-Hall មករួមការងារសាជាថ្មី ប៉ុន្តែរូបគេបែរជាខ្សត់នាទីលេងដោយមានឱកាសបង្ហាញខ្លួនត្រឹម៣ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League ហើយអនាគតរបស់គេក៏ស្ថិតក្នុងភាពស្រពិចស្រពិលថែមទៀត។

Chelsea មានជម្រើសខ្សែបម្រើកណ្តាលជាច្រើន ដូច្នេះ ការប្រជែងកៅអីសម្រាប់ Kiernan Dewsbury-Hall អាចក្លាយជារឿងពិបាក។

Kiernan Dewsbury-Hall ចង់បាននាទីលេងញឹកញាប់ជាងមុន ដូច្នេះការចាកចេញទៅរកទ្រនំថ្មីជារឿងដែល កីឡាករអង់គ្លេសត្រូវធ្វើ។

ទន្ទឹមនឹងនេះ Aston Villa ក៏ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍នឹងកំណត់រូបគេជាគោលដៅផ្លាស់ប្តូរនៅពេលខាងមុខ។

Aston Villa កំពុងចង់ពង្រឹងសមត្ថភាពក្រុមឡើងវិញ ដោយការនាំយកកីឡាករថ្មីៗដូចជា Kiernan Dewsbury-Hall ជាដើម ក្រោយពីក្រុមបានចាញ់៤ប្រកួតជាប់គ្នាហើយ ដោយមានការចាញ់ ២ប្រកួតនៅ Premier League ចាញ់ Crystal Palace នៅ EFL Cup និងចាញ់ Club Brugge នៅ UEFA Champions League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង