×

លោក Jose Mourinho ត្រូវបានផ្សារភ្ជាប់ការមកដឹកនាំ Newcastle United

គ្រូបង្វឹក Fenerbahce លោក Jose Mourinho បានលើកឡើងពីឈ្មោះក្លិប Newcastle United ជាក្លិបដ៏ស័ក្តសម្រាប់រូបលោកក្នុងការវិលត្រលប់មកកាន់ក្របខណ្ឌ Premier League វិញ ប្រសិនជាគ្រូបង្វឹកបច្ចុប្បន្នលោក Eddie Howe នឹងត្រូវចាកចេញពីតំណែង។

លោក Mourinho កំពុងពិចារណាក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេសជាលើកទី៥ក្រោយធ្លាប់ដឹកនាំក្រុម Chelsea ចំនួន២ដង ចន្លោះឆ្នាំ ២០០៤ដល់ ២០០៧ និង ២០១៣ ដល់២០១៥ មុនពេលដឹកនាំក្រុម Manchester United នៅឆ្នាំ២០១៦ ដល់២០១៨ និងក្រុម Tottenham Hotspur នៅឆ្នាំ២០១៩ដល់២០២១។

គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ដែលធ្លាប់ឈ្នះជើងឯក UEFA Champions League ជាមួយ Porto និង Inter Milan ធ្លាប់បានជួបជាមួយប្រធានក្លិប Newcastle លោក Yasir al-Rumayyan ក្រោយពីរូបលោក ហាក់ដូចជាមិនសប្បាយចិត្តនិងអាជីពនៅក្នុងប្រទេសទួរគី បន្ទាប់ពីមានការរិះគន់ប្រឆាំងនឹងដំណើរការលីគ និងមន្ត្រី បាល់ទាត់នៃប្រទេសមួយនេះ។

Fenerbahce បានធ្លាក់មកនៅលេខរៀងទី៣ វិញហើយក្រោយប្រកួត១០ដងមាន ២៣ពិន្ទុនិងមានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាងលីគកំពូលទួរគី។ ប៉ុន្តែស្ថានការណ៍នៅ Fenerbahce ហាក់មិនដំណើរការតាមការរំពឹងទុករបស់លោក Jose Mourinho ដែលនាំអោយលោកមិនចង់ដឹកនាំទីនោះបន្ត ហើយក្លិប Newcastle United ត្រូវបានផ្សារភ្ជាប់ជាមួយបុរសវ័យ ៦១ឆ្នាំ។

យ៉ាងណាក៏ដោយ លោក Eddie Howe មិនបានស្ថិតក្រោមសម្ពាធណាមួយទេ ដោយតំណែងរបស់លោកនៅ Newcastle United នៅមានសុវត្ថិភាព ប៉ុន្តែ នោះមិនមែនមានន័យថា មិនអាចមានការផ្លាស់ប្តូរណាមួយកើតឡើងទេ។ ថ្នាក់ដឹកនាំ Newcastle United ចង់អោយមានការប្រកួតប្រជែងនៅ UEFA Champions League បន្ថែមទៀត ហើយប្រសិនបើលោក Howe មិនអាចបំពេញការទាមទារទាំងនោះបាន លោក Mourinho ប្រាកដជាត្រូវបានពិចារណា។

បុរសរហស្សនាម Special One បានឈ្នះពានរង្វាន់ Premier League ចំនួន៣ ពាន FA Cup ពានរង្វាន់ EFL Cup ក៏ដូចជា UEFA Europa League អំឡុងការប្រកបអាជីពនៅអង់គ្លេស ។ សមត្ថភាពរបស់លោក Jose Mourinho បានធ្វើអោយ Newcastle United រំពឹងមើលពីការវិវឌ្ឈរបស់លោក ប្រសិនបើលោកអាចចូលកាន់តំណែងនៅទឹកដី St James’ Park៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង