
លោក Ruud Van Nistelrooy បានអស់តួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ខ្លួនហើយ នៅក្រោយដឹកនាំ Man UTD ឈ្នះ Leicester City ដោយលទ្ធផល ៣-០ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
៤ប្រកួតក្រោមការដឹកនាំរបស់បុរសសញ្ជាតិហូឡង់ ក្រុម Man UTD មិនស្គាល់ចាញ់ឡើយ មុនលោក Ruben Amorim ចូលដឹកនាំជាផ្លូវការ។
ក្នុងតំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន ជំនួសលោក Erik ten Hag លោក Van Nistelrooy ពិតជាមិនធ្វើអោយអ្នកគាំទ្រ Man UTD ខកចិត្តនោះទេ និងធ្វើអោយមានការចងចាំបុរសវ័យ៤៨ឆ្នាំរូបនេះថែមទៀត មិនថាក្នុងនាមជាកីឡាករ និងគ្រូបង្វឹកបណ្តោះអាសន្ន។
ជាការពិត ៤ប្រកួតរបស់ លោក Van Nistelrooy ដែលដឹកនាំ Man UTD នោះគឺឈ្នះ៣ដង និងស្មើ១ដង ដោយនៅក្នុងនោះឈ្នះ Leicester City នៅពានរង្វាន់ EFL Cup ដោយលទ្ធផល ៥-២ និងបន្តឈ្នះ Leicester City ម្តងទៀតដោយលទ្ធផល ៣-០ នៅក្របខណ្ឌ Premier League រួចបន្តស្មើ Chelsea ដោយលទ្ធផល ១-១ និង ឈ្នះ PAOK FC ដោយលទ្ធផល ២-០ ក្នុងការប្រកួតពានរង្វាន់ UEFA Europa League។
ទោះបង្ហាញសមត្ថភាពដឹកនាំក្រុមទទួលបានលទ្ធផលល្អ ប៉ុន្តែ អតីតខ្សែប្រយុទ្ធ Man UTD និងហូឡង់ លោក Van Nistelrooy មិនអាចបន្តដឹកនាំក្រុមនៅលីគកំពូលអង់គ្លេសមួយនេះទៀតឡើយ ដ្បិតក្លិបបានចរចាយកគ្រូបង្វឹក Sporting Lisbon លោក Ruben Amorim ទៅដឹកនាំជាផ្លូវការហើយ។ បុរសព័រទុយហ្កាល់ នឹងចូលដឹកនាំ Man UTD នៅក្រោយពេលបញ្ចប់ការសម្រាកអន្តរជាតិ រួចរាល់៕