×

ខ្សែបម្រើ Paul Pogba បង្ហើបបំណងវិលទៅ Man UTD សាជាថ្មី

ជាថ្មីម្តងទៀត ខ្សែបម្រើ Paul Pogba កំពុងបន្តការពិភាក្សាចរចារដើម្បីបញ្ចប់កិច្ចសន្យា ជាមួយក្លិប Juventus ខណៈដែលរូបគេបានបង្ហើបបំណងដ៏គួរអោយភ្ញាក់ផ្អើលមួយគឺចង់វិលត្រឡប់ទៅកាន់ក្លិប Man UTD សាជាថ្មី។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Sportbible។

កីឡាករបារាំង គ្រោងនឹងត្រលប់មកបន្តអាជីពលើវាលស្មៅ ម្តងទៀតនៅដើមឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីរូបគេរួចផុតបម្រាម ក្រោយរកឃើញលទ្ធផលវិជ្ជមានសារធាតុញៀនហាមឃាត់។ អតីតសមាជិកក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានចាកចេញពីក្លិប Man UTD នៅរដូវក្តៅឆ្នាំ ២០២២ ហើយផ្លាស់ទៅអតីតក្លិប Juventus នៅក្របខណ្ឌ Serie A ជាមួយសុពលភាពកុងត្រា រហូតដល់ខែមិថុនា ឆ្នាំ ២០២៦។ យ៉ាងណាមិញ អាជីពរបស់ Paul Pogba ជាមួយ Juventus ហាក់មិនអាចបន្តទៅមុខបានឡើយ ក្រោយកើតមានរឿងរ៉ាវក្តីក្តាំកន្លងមក។

មានការផ្សព្វផ្សាយជាច្រើនបានលើកឡើងជុំវិញក្លិប ដែលចង់បំពេញការចុះហត្ថលេខានាំយកកីឡាករវ័យ ៣១ ឆ្នាំ ទៅចូលរួម ដែលមានដូចជា Olympic Marseille និងក្លិបនៅអារ៉ាប៊ីសាអូឌីតជាដើម។
ផ្ទុយទៅវិញអតីតខ្សែប្រយុទ្ធរបស់ក្លិប Man UTD លោក Louis Saha បានលើកឡើងថា Paul Pogba បានចរចាចង់បញ្ចប់កុងត្រាជាមួយ Juventus អោយបានឆាប់ៗ ហើយរូបគេបានបង្ហើបបំណងវិលទៅកាន់ Man UTD ព្រោះការត្រលប់ទៅកាន់ទឹកដី Old Trafford និងធ្វើអោយ Pogba ពង្រឹងសមត្ថភាព ក៏ដូចជាស្តារកេរ្ត៍ឈ្មោះឡើងវិញបាន។

អតីតខ្សែប្រយុទ្ធដែលធ្លាប់លេងអោយ Man UTD ពីឆ្នាំ ២០០៤-០៨ បានលើកឡើងយ៉ាងដូច្នេះថា “Paul Pogba អាចទៅកន្លែងណាដែលគេចង់ទៅ។ ប្រសិនគេចង់ស្តារទេពកោសល្យ មនុស្សគ្រប់គ្នា និងទទួលស្គាល់ថាគេអាចបញ្ចេញសមត្ថភាពពិសេសបែបណា។ គេនឹងមានការលើកទឹកចិត្តខ្លាំងនៅពេលត្រលប់ទៅទឹកដី Old Trafford វិញ។ យើងបានឃើញច្បាស់ថាការចាកចេញរបស់ Pogba បានធ្វើអោយតំបន់បម្រើកណ្តាលរបស់ Man UTD ពិបាកគ្រប់គ្រង។”

សូមបញ្ជាក់ថា Paul Pogba ធ្លាប់ជាសមាជិករបស់ Man UTD ចំនួន២ដងរួចមកហើយ គឺនៅឆ្នាំ ២០១១-១២ និង ២០១៦-២២ ដោយការលេងអោយក្លិបបិសាចក្រហមទាំង២ដងនោះ រូបគេបានបង្ហាញខ្លួនសរុប ២៣៣ដង ស៊ុតបញ្ចូលទីបាន៣៩គ្រាប់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង