ក្លិប Tottenham Hotspur ត្រូវបានគេរាយការណ៍ថា ជាក្លិបចុងក្រោយបង្អស់ដែលបង្ហាញចំណាប់អារម្មណ៍លើការផ្ទេរដ៏មានសក្តានុពលរបស់ខ្សែបម្រើស្លាបរបស់ក្លិប Villarreal កីឡាករ Alex Baena ដែលជាគោលដៅរបស់ក្លិបមួយចំនួននៅក្របខណ្ឌ Premier League។
ជាការពិត របាយការណ៍កន្លងទៅបានអោយដឹងថា Newcastle United និង Aston Villa បានដាក់ការចាប់អារម្មណ៍ទៅលើកីឡាករអេស្ប៉ាញ ដែលមានតម្លៃផ្ទេរប្រមាណ ៦៥លានអឺរ៉ូ។
ឥឡូវនេះ ក្លិប Tottenham Hotspur ក៏បានចូលរួមក្នុងការប្រជែងផ្ទេរយក Alex Baena ជាមួយក្លិបរួមលីគរបស់ពួកគេផងដែរ។ គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou ត្រូវបានយល់ថា កំពុងចង់បានកីឡាករមានទេពកោសល្យមួយរូប ដូចជា Alex Baena ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមមាន់ខ្នាយមាសអោយទទួលទ្ធផលល្អជាងមុន បន្ទាប់ពីការចាប់ផ្តើមរដូវកាលដោយកីឡាករលេងមិនសូវស៊ីចង្វាក់គ្នារួចមក។
ទម្រង់លេងរបស់ Tottenham Hotspur មិនទាន់ដំណើរការតាមការចង់បានរបស់លោក Ange Postecoglou នោះទេ ដោយក្រុមបច្ចុប្បន្នកំពុងឈរលេខ១០ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ៥ ស្មើ១ ចាញ់៥។
គ្រូបង្វឹកវ័យ ៥៩ឆ្នាំ សង្ឃឹមថា ក្រុម Tottenham Hotspur នឹងអាចធ្វើបានល្អជាងនេះ ដូច្នេះហើយ ទីផ្សារដោះដូរកីឡាកររដូវរងាខាងមុខ គឺជាឱកាសល្អ ក្នុងការនាំយកកីឡាករថ្មីមកជួយពង្រឹងក្រុម ហើយការនាំយក Alex Baena នឹងផ្តល់អោយក្រុមនូវបទពិសោធថ្មី ក្នុងការវាយប្រយុទ្ធ។
ទោះយ៉ាងណា Tottenham Hotspur នឹងមានផលលំបាកក្នុងការនាំយកកីឡាករ វ័យ២៣ឆ្នាំរូបនេះដ្បិតក្លិប Newcastle United និង Aston Villa បានដាក់ការចាប់អារម្មណ៍ខ្លាំងលើរូបគេដូចគ្នា។
ទាំងក្លិប Newcastle United និង Aston Villa ហាក់ធ្វើបានល្អជាង Tottenham Hotspur នៅរយៈកាលចុងក្រោយនេះ ដោយពួកគេធ្លាប់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 នៅ២រដូវកាលកន្លងទៅ ដូច្នេះសាមីកីឡាករអាចមើលឃើញថា Newcastle United និង Aston Villa ជាក្លិបដែលមានស្ថានភាពល្អ និង គួរអោយចង់ពិចារណា ជាង Tottenham Hotspur៕