×

គ្រូបង្វឹក២រូបត្រូវបានផ្សារភ្ជាប់មកដឹកនាំ Leicester City ជំនួសលោក Steve Cooper

លោក Steve Cooper កំពុងស្ថិតនៅក្រោមសម្ពាធនៅក្លិប Leicester City ដោយមានភាពមិនប្រាកដប្រជាជុំវិញអនាគតរបស់លោក ខណៈក្លិបនេះត្រូវបានផ្សារភ្ជាប់ទៅនឹងជម្រើស គ្រូបង្វឹកល្បីឈ្មោះ២រូបនៅ Premier League គឺលោក Graham Potter និងលោក David Moyes។

ក្រុមប្រឹក្សាភិបាលក្លិប Leicester City ត្រូវបានគេជឿថាកាន់តែមានអស់ភាពអត់ធ្មត់ចំពោះស្ថានភាពបច្ចុប្បន្នក្លិប ខណៈដែលពួកគេកំពុងឈរនៅលេខរៀងទី ១៥ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត ចំនួន ១១ លើករបស់ពួកគេនៅរដូវកាល ២០២៤-២៥។ Leicester City ក៏បានធ្លាក់ចេញពីពានរង្វាន់ EFL Cup ជុំទី៤ ក្រោយរងការបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង Man UTD ដោយលទ្ធផល ៥-២។

ក្រុមរហស្សនាមកញ្ជ្រោងមិនបានឈ្នះការប្រកួតណាមួយក្នុងចំណោមការប្រកួត៤លើកចុងក្រោយរបស់ពួកគេ ប៉ុន្តែលោក Steve Cooper ក៏ត្រូវបានដឹងថា កំពុងព្យាយាមធ្វើការងាររបស់ខ្លួនយ៉ាងខ្លាំង ខណៈដែលអតីតគ្រូបង្វឹក Nottingham Forest មិនបាននាំយកកីឡាករដែលមានទេពកោសល្យជាច្រើនមកកាន់ក្លិប កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅនោះទេ។

ការរក្សាកៅអីលេងនៅក្របខណ្ឌ Premier League គឺជាគោលបំណងរបស់ លោក Steve Cooper ប៉ុន្តែ ក្លិប Leicester City ចង់បានលទ្ធផលល្អប្រសើរជាងនេះទៀត។

ជាមួយនឹងអនាគតរបស់លោក Steve Cooper ស្ថិតក្នុងភាពស្រពិចស្រពិល សារពត៌មាន Football Insider បានរាយការណ៍ថា លោក Graham Potter និង លោក Davies Moyes កំពុងចាប់អារម្មណ៍ក្នុងការចូលកាន់តំណែងនៅ Leicester City ។

លោក Davies Moyes មិនទាន់មានក្លិបដឹកនាំ ចាប់តាំងពីចាកចេញពី West Ham នៅចុងបញ្ចប់នៃរដូវកាលមុន ខណៈដែល លោក Graham Potter ក៏មិនបានបញ្ចេញសមត្ថភាព ១ឆ្នាំជាងហើយ ក្រោយពីត្រូវក្លិប Chelsea បណ្តេញចេញពីតំណែងក្នុងខែមេសា ឆ្នាំ ២០២៣។ គ្រូបង្វឹកទាំង២រូប កំពុងរង់ចាំពេលវេលាត្រឹមត្រូវចូលមកដល់ ហើយតួនាទីជាគ្រូបង្វឹកនៅកីឡដ្ឋាន King Power បានធ្វើអោយពួកលោកត្រូវពិចារណា។

សម្រាប់អ្នកគាំទ្ររបស់ Leicester City វិញ ហាក់មានការរំភើបនៅពេលមានដំណឹងផ្សារភ្ជាប់ជាមួយលោក Graham Potter ដ្បិតអីរបៀបដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea រូបនេះ មានភាពទាក់ទាញជាង ប៉ុន្តែភាពជោគជ័យរបស់លោក Davies Moyes មាននៅ West Ham ក៏មិនអាចអោយពួកគេមើលរំលងបាននោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង