
ក្លិប Man UTD ត្រូវបានផ្សារភ្ជាប់ជាមួយការទិញយកកីឡាករជាច្រើនរូបចាប់តាំងពីការតែងតាំងលោក Ruben Amorim មកធ្វើជាគ្រូបង្វឹកជំនួសលោក Erik ten Hag រួចមក។
ជាក់ស្តែង ថ្មីៗនេះ ក្លិបបិសាចក្រហម ត្រូវបានរាយការណ៍ថា កំពុងសម្លឹងរកការផ្ទេរយកខ្សែការពារឆ្វេងមកពង្រឹងក្រុមឡើងវិញ នៅពេលទីផ្សារដោះដូរកីឡាករនឹងបើកដំណើរការនៅខែមករាខាងមុខនេះ ហើយកីឡាករដែលពួកគេមើលឃើញបន្ថែមក្នុងបញ្ជីនោះគឺខ្សែការពារ Ben Chilwell របស់ ក្លិបតោខៀវ Chelsea។
Ben Chilwell មិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក លោក Enzo Maresca នោះទេ ដោយរដូវកាល ២០២៤-២៥ នេះ រូបគេមានឱកាសបង្ហាញខ្លួនត្រឹមតែ១លើកប៉ុណ្ណោះ ក្នុងពានរង្វាន់ EFL Cup តាំងពីខែកញ្ញា។
ក្រៅពី Ben Chilwell ហើយ Man UTD ក៏ដាក់គោលដៅផ្ទេរយក អតីតយុវជនថ្នាលរបស់ពួកគេគឺខ្សែការពារ អេស្ប៉ាញ Alvaro Carreras ដែលកំពុងលេងអោយក្លិប Benfica ផងដែរ។
ប្រភពពីគេហទំព័រ Caught Offside បានចុះផ្សាយថា លោក Rúben Amorim មានបំណងចង់នាំយក Alvaro Carreras វ័យ ២១ឆ្នាំមកកាន់ទឹកដី Old Trafford សាជាថ្មី ខណៈក្រុមមានតម្រូវការចាប់បាច់សម្រាប់កីឡាករដែលលេងនៅតួនាទីខ្សែការពារឆ្វេងចាំបន្ទាប់ពីខ្សែការពារដ៏មានបទពិសោធន៍ Luke Shaw មានបញ្ហារបួសសាច់ដុំរយៈពេលវែង ខណៈ Tyrell Malacia ក៍មិនសូវបានលេងដោយសារបញ្ហាញាំញីរបួសដូចគ្នា។
គួររំឮកថា ក្រុមជើងឯកអង់គ្លេស២០សម័យបានសម្រេចចិត្តលក់ Alvaro Carreras ទៅអោយ Benfica ក្រោយអនុញ្ញាតិអោយក្លិប Preston North End និង Granada ខ្ចីជើង មុនលក់រូបគេចេញជាថ្នូរក្នុងការចុះហត្ថលេខានាំយក Tyrell Malacia ពីក្លិប Feyenoord ក៏ប៉ុន្តែពេលនេះពួកគេបានបង្កើនឱកាសចរចារផ្ទេរយក Alvaro Carreras ត្រលប់មករួមក្រុមវិញនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅពាក់កណ្តាលរដូវកាលដែលមានរយៈពេល១ខែ គឺនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕