×

Liverpool សម្លឹងឃើញខ្សែប្រយុទ្ធ Rayan Cherki ទុកជំនួស Mohamed Salah

ក្លិប Liverpool កំពុងសម្លឹងមើលឃើញកីឡាករឆ្នើមម្នាក់របស់ក្លិប Lyon នោះគឺ ខ្សែប្រយុទ្ធ Rayan Cherki ដើម្បីត្រៀមមកជំនួសខ្សែប្រយុទ្ធ Mohamed Salah ។ នេះបើតាមការប្រកាសពីសារពត៌មាន Goal។

Rayan Cherki ជាកីឡាករឆ្នើមរបស់ក្លិប Lyon ប៉ុន្តែត្រូវបានជឿជាក់ថា រូបគេនឹងមិនអាចបន្តលេងនៅទីនេះទៀតឡើយ ខណៈដែលមានការចាប់អារម្មណ៍ ពីក្លិបធំៗ នៅអឺរ៉ុបជាច្រើនរួចទៅហើយ បូករួមទាំង Liverpool ផងដែរ ដែលចង់នាំយករូបគេមកជំនួស Mohamed Salah ។

មែនទែនទៅ កីឡាករអេហ្ស៊ីប កំពុងបន្តធ្វើបានល្អនៅទឹកដី Anfield ដោយអាចរកគ្រាប់បាល់បញ្ចូលទី ១០គ្រាប់ ពីការបង្ហាញ១៧ប្រកួត គ្រប់កម្មវិធី ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Arne Slot។ ទោះយ៉ាងណា Mohamed Salah នៅតែមានអនាគតមិនច្បាស់លាស់ជាមួយ Liverpool ខណៈកុងត្រារបស់គេនឹងផុតកំណត់នៅរដូវក្តៅខាងមុខ ហើយការបន្តកុងត្រាថ្មី មិនទាន់កើតឡើងនោះឡើយ។ Mohamed Salah នឹងមានសិទ្ធចរចាជាមួយក្លិបដទៃនៅខែមករាខាងមុខ។

នៅក្នុងពេលដែល Mohamed Salah មិនមានភាពជាក់លាក់ក្នុងការបន្តនៅទឹកដី Anfield នោះ ក្លិប Liverpool បានត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហានេះហើយ ដោយការដាក់គោលដៅទៅលើកីឡាករជាច្រើនរូប ដើម្បីមកជំនួសរូបគេ ដោយក្នុងនោះ ខ្សែប្រយុទ្ធ Rayan Cherki របស់ក្លិប Lyon ក៏ជាគោលដៅមួយផងដែរ។ យ៉ាងណា Liverpool អាចនឹងជួបគូប្រជែងដ៏តានតឹង គឺក្លិប Paris Saint-Germain ក៏ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍កីឡាករវ័យ ២១ឆ្នាំដែរ។

Rayan Cherki មានកុងត្រាជាមួយ Lyon រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែ Lyon នឹងត្រូវបង្ខំចិត្តលក់រូបគេចេញ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលក្លិបកំពុងជួបប្រទះ។ ក្លិប Lyon អាចនឹងត្រូវកាត់ទម្លាក់ចេញពីក្របខណ្ឌ Ligue 1 ទាល់តែពួកគេអាចសងបំណុល ៤២២លានផោនបាន។

នៅពេលដែល Lyon កំពុងតស៊ូផ្នែកហិរញ្ញវត្ថុ ហើយ Liverpool មានគម្រោងរកកីឡាករទុកជំនួស Mohamed Salah នោះ ដូច្នេះការផ្ទេរ Rayan Cherki អាចជាឱកាសល្អសម្រាប់ក្លិបទាំងពីរ។ សម្រាប់ Liverpool វាជាការរក្សាការប្រកួតប្រជែងរបស់ពួកគេ ខណៈ Lyon វាអាចជាការរក្សាកៅអីនៅក្របខណ្ឌ Ligue 1។ យ៉ាងណា អ្នកគាំទ្រ សង្ឃឹមថានឹងបន្តឃើញ Salah នៅតែរកគ្រាប់បាល់បានសម្រាប់ក្លិប ខណៈ Liverpool ហាក់ដូចជាចង់ដណ្ដើមជើងឯកអង់គ្លេសមកវិញ ខណៈរដូវកាលនេះពួកគេកំពុងធ្វើបានល្អ បន្ទាប់ពីការប្រកួតចំនួន ១១ ដង មានលទ្ធផលឈ្នះ ៩ ស្មើ១ ចាញ់១ មាន២៨ពិន្ទុឈរកំពូលតារាង នាំមុខក្រុមលេខ២ Man City ចំនួន៥ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង