Arsenal កាន់តែមានភាពតានតឹងសម្រាប់ការប្រកួតប្រជែងរបស់ខ្លួនក្រោយពីកីឡាករសំខាន់១រូបទៀតគឺ ខ្សែប្រយុទ្ធ Leandro Trossard បានរងរបួស។
Leandro Trossard ដែលបានបង្ហាញខ្លួន ១៥ ប្រកួតក្នុងចំណោម ១៧ ប្រកួតរបស់ Arsenal នៅរដូវកាលនេះ ត្រូវបានដឹងថាជាកីឡាករសំខាន់នៅក្នុងប្រព័ន្ធរបស់គ្រូបង្វឹកលោក Mikel Arteta ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជា ក្រុមកាំភ្លើងធំ នឹងត្រូវអវត្តមានកីឡាករវ័យ២៩ឆ្នាំ មួយរយៈពេល បន្ទាប់ពីរូបគេ ត្រូវបានបង្ខំអោយចាកចេញនៅវគ្គទីមួយនៃការបរាជ័យរបស់ក្រុមបែលហ្ស៊ីកទល់ក្រុមអ៊ីស្រាអែល ១-០ ក្នុងការប្រកួត UEFA Nations League ។
ដោយបានលេងពេញ ៩០ នាទីក្នុងការបរាជ័យ ១-០ របស់បែលហ្ស៊ីកក្រោមថ្វីជើងអ៊ីតាលី Leandro Trossard បានចូលលេងម្តងទៀត ក្នុងបំណងស្វែងរកជ័យជំនះមកវិញក្នុងការប្រកួតទល់នឹងអ៊ីស្រាអែល។ ប៉ុន្តែ នៅនាទីទី ៣៧ Trossard ត្រូវបានប្ដូរចេញដោយមានបញ្ហារបួស។
បញ្ហារបស់ Leandro Trossard ធ្វើអោយ Arsenal កាន់តែមានការព្រួយបារម្ភដ្បិតកីឡាករសំខាន់ៗជាច្រើនរូបមកហើយ សុទ្ធតែមានបញ្ហារបួសដូចជា Bukayo Saka , Declan Rice , Riccardo Calafiori, Ben White និង Takehiro Tomiyasu ។
ជាមួយនឹងកីឡាករសំខាន់ៗដល់ទៅ៦រូបរងរបួសនោះ Arsenal នឹងមានភាពលំបាកក្នុងការប្រកួតទល់នឹង Nottingham Forest នៅក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ។
ក្រុមកាំភ្លើងធំ មិនទាន់ស្គាល់ជ័យជំនះនៅឡើយទេ សម្រាប់ការប្រកួតក្របខណ្ឌ Premier League ចំនួន ៤ប្រកួតចុងក្រោយ ដោយស្មើ២ ចាញ់២ ហើយ អវត្តមានកីឡាករសំខាន់ៗ នឹងធ្វើអោយក្រុមមានភាពតានតឹងបន្ថែមទៀត។
លោក Mikel Arteta ប្រហែលជាត្រូវផ្លាស់ប្តូរទម្រង់លេងរបស់ក្រុម ដោយថ្មីៗនេះលោកបានអោយ Thomas Partey លេងនៅខ្សែការពារស្តាំ រីឯ ខ្សែការពារកណ្តាល Jurrien Timber ទៅលេងនៅខ្សែការពារឆ្វេង ដោយការផ្លាស់ប្តូរនេះគឺដើម្បីស្វែងរកតុល្យភាពបណ្តោះអាសន្នរបស់ក្រុម។
ទោះបែបក្តី Arsenal ក៏មានក្តីសង្ឃឹមខ្លះដែរ បន្ទាប់ពីការវិលត្រឡប់របស់ប្រធានក្រុម Martin Odegaard។ កីឡាករសញ្ជាតិន័រវេសមិនបានចូលលេងអោយក្រុមជម្រើសជាតិន័រវេសរបស់គេនោះទេ ដើម្បីរក្សារាងកាយអោយមានភាពពេញលេញ ហើយមកខ្លួនជួយ Arsenal ទល់នឹង Nottingham Forest ក្នុងបំណងស្វែងរកជ័យជំនះអោយក្រុមវិញអោយខានតែបាន៕