×

Man UTD បញ្ជាក់សមាសភាពក្រុមបុគ្គលិកគ្រូបង្វឹករបស់លោក Ruben Amorim

ក្លិប Man UTD បានធ្វើការបញ្ជាក់ពីសមាសភាពក្រុមបុគ្គលិកគ្រូបង្វឹកចំនួន៥រូប ដែលនឹងមកធ្វើជាជំនួយដល់ការបង្វឹករបស់គ្រូបង្វឹកថ្មី លោក Ruben Amorim។

ក្រុមបុគ្គលិកគ្រូបង្វឹកចំនួន៥រូប ដែល Man UTD បាននាំយកមកនោះ គឺបានចាកចេញពី ក្លិប Sporting CP មកចូលរួមជាមួយលោក Ruben Amorim នៅកីឡដ្ឋាន Old Trafford ដែលមាន លោកCarlos Fernandes, Jorge Vital, Adelio Candido, Emanuel Ferro និង Paulo Barreira។

ជាមួយនឹងការប្រកាសពីសមាសភាព របស់ក្រុមបុគ្គលិកគ្រូបង្វឹកនេះដែរ ក្លិប Man UTD ក៏បានបញ្ជាក់ពីតួនាទីរបស់ពួកគេផងដែរ។

លោក Carlos Fernandes នឹងក្លាយជាជំនួយការផ្ទាល់ឬជាដៃស្តាំ របស់លោក Ruben Amorim ដោយស្ថិតក្នុងវ័យ២៩ឆ្នាំ លោក Carlos Fernandes បានរួមការងារ ជាមួយលោក Ruben Amorim តាំងពីការដឹកនាំនៅក្លិប Casa Pia និង Braga មកម្ល៉េះ។

សម្រាប់លោក Jorge Vital នឹងជាគ្រូបង្វឹកអ្នកចាំទី ខណៈលោក Emanuel Ferro នឹងធ្វើការជាជំនួយការគ្រូបង្វឹកក្រុមដំបូង។ រីឯលោក Paulo Barreira នឹងមានតួនាទីជា គ្រូបង្វឹកផ្នែកកាយសម្បទា ដោយលោកធ្លាប់មានបទពិសោធជាមួយក្លិបធំៗដូចជា Arsenal និង Liverpool រួចមកហើយ។

ចំពោះលោក Adelio Candido វិញ ក៏នឹងធ្វើការងារជាជំនួយការគ្រូបង្វឹកក្រុមដំបូងផងដែរ ប៉ុន្តែ Man UTD បានបញ្ជាក់ថា ការតែងតាំងការងារ របស់លោកនឹងធ្វើឡើងនៅពេលដែលរូបទទួលបានទិដ្ឋាការ។

សម្រាប់គ្រូបង្វឹកលោក Ruben Amorim ត្រូវបានដឹងថា បានធ្វើការងារមួយចំនួនជាមួយកីឡាករ Man UTD ដែលមិនបានទៅលេងអោយក្រុមជម្រើសជាតិរបស់ពួកគេ អំឡុងការសម្រាកអន្តរជាតិកន្លងមក ហើយលោកកំពុងរង់ចាំជួបជុំជាមួយកីឡាករគ្រប់រូបមុនការប្រកួតទល់នឹង Ipswich Town ក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ។

Man UTD បច្ចុប្បន្នកំពុងឈរលេខ១៣ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន១៥ពិន្ទុ ក្រោយឆ្លងកាត់ ១១ប្រកួត ឈ្នះ៤ ស្មើ ៣ ចាញ់៣។ រីឯគូប្រកួតរបស់ពួកគេនៅចុងសប្តាហ៍នេះ ដែលជាក្រុម Ipswich Town កំពុងឈរលេខ១៧មាន ៨ពិន្ទុ ក្រោយឆ្លងកាត់ ១១ប្រកួតដូចគ្នាដោយឈ្នះ១ស្មើ ៥ ចាញ់៥ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង