×

លោក Claudio Ranieri ថា រីករាយដែលក្លាយជាគ្រូបង្វឹក AS Roma ជាលើកទី៣

គ្រូបង្វឹកថ្មីរបស់ AS Roma លោក Claudio Ranieri បាននិយាយថា លោកពិតជារីករាយដែលបានត្រលប់មកដឹកនាំក្លិបនេះវិញដែលជាការដឹកនាំក្លិបអ៊ីតាលីជាលើកទី៣ក្នុងអាជីពរបស់លោក។

លោក Ranieri បានត្រឡប់ពីការចូលនិវត្តន៍នៅអាយុ ៧៣ ឆ្នាំដើម្បីដឹកនាំ AS Roma រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ការចូលមកកាន់តំណែងនៅកីឡដ្ឋាន Stadio Olimpico សាជាថ្មីរបស់លោក Claudio Ranieri គឺបន្ទាប់ពីលោក Ivan Juric ត្រូវបានបញ្ចប់តំណែងកាលពីពេលកន្លងទៅ។ ជាមួយនឹងលទ្ធផលមិនសូវល្អដែលធ្វើអោយ Roma បច្ចុប្បន្នកំពុងឈរនៅលេខ ១២ ក្នុងតារាងពិន្ទុក្របខណ្ឌ Serie A នោះ លោក Juric គឺជាគ្រូបង្វឹកទី២ របស់ក្លិបដែលត្រូវបានបណ្តេញចេញនៅរដូវកាលនេះ បន្ទាប់ពីអតីតកីឡាករលោក Daniele De Rossi ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែកញ្ញា។

សម្រាប់លោក Claudio Ranieri បានចូលនិវត្តន៍កាលពីខែឧសភា បានរំឮកដល់ពេលវេលានៃអាជីពដែលគាត់បានដឹកនាំ Leicester City របស់អង់គ្លេសអោយឈ្នះពានរង្វាន់ Premier League ដ៏គួរអោយភ្ញាក់ផ្អើលក្នុងឆ្នាំ ២០១៦ និងបានបង្វឹកក្រុមជាច្រើនមកពីលីគកំពូលរបស់អឺរ៉ុបរួមមាន Chelsea, Juventus, Atletico Madrid, Inter Milan និង Monaco ។ ការវិលត្រឡប់មកកាន់ AS Roma នេះ លោក Claudio Ranieri មានបំណងជួយក្រុមអោយទទួលលទ្ធផលល្អប្រសើរ បន្ទាប់ពីលោកធ្លាប់មានបទពិសោធជាមួយ AS Roma ២ដងរួចមកហើយ ដោយបានដឹកនាំក្នុងឆ្នាំ ២០០៩-១១ និង ការដឹកនាំក្នុងឆ្នាំ២០១៩។

ការវិលត្រឡប់មកវិញនេះ លោក Claudio Ranieri ក៏បានបង្ហាញពីភាពរីករាយដែលបានដឹកនាំអតីតក្លិបសាជាថ្មី ដោយលោក បានថ្លែងអោយដឹងក្នុងឱកាសបង្ហាញខ្លួនជាផ្លូវការថា “ខ្ញុំពិតជារីករាយ និងសូមអរគុណដល់ AS Roma ដែលបានផ្តល់ឱកាសដល់រូបខ្ញុំក្នុងការវិលមកកាន់តំណែងនេះ។ វាដូចជាខ្ញុំបានមកដល់ផ្ទះរបស់ខ្ញុំវិញ ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាង ព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយក្រុមអោយទទួលលទ្ធផលល្អ។”

មុនឈានដល់ការនាំយក លោក Claudio Ranieri មកកាន់តំណែងជាថ្មីនេះ AS Roma ក៏បានសម្លឹងឃើញបេក្ខភាពលេចធ្លោ២រូបដែរ គឺលោក Roberto Mancini និង លោក Maurizio Sarri ប៉ុន្តែចុងក្រោយ ក្លិបបានសម្រេចជ្រើសរើសលោក Claudio Ranieri មកធ្វើជាគ្រូបង្វឹករបស់ពួកគេជាលើកទី៣។

ក្រោយការសម្រាកអន្តរជាតិ AS Roma នឹងវិលមកកាន់ការប្រកួតលីគកំពូលអ៊ីតាលីរបស់ពួកគេវិញ ដោយត្រូវប៉ះ Napoli នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង