×

ខ្សែបម្រើ Rodrigo Bentancur របស់ Tottenham Hotspur ជាប់បម្រាម៧ប្រកួត ព្រោះនិយាយរើសអើងជាតិសាសន៍

ខ្សែបម្រើ Rodrigo Bentancur របស់ Tottenham Hotspur ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ធ្វើការពិន័យ ដោយដាក់បម្រាមមិនអោយចូលរួមការប្រកួតចំនួន៧ប្រកួត ពីបទប្រើប្រាស់ពាក្យជេរប្រមាថរើសអើងជាតិសាសន៍លើមិត្តរួមក្រុម Heung-min Son ។

កីឡាករអ៊ុយរុយហ្កាយ បានធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍មួយនៅស្រុកកំណើត កាលពីខែមិថុនា ដោយនិយាយ អំពីបាល់ទាត់នៅអង់គ្លេស ប៉ុន្តែនៅពេលដែលកីឡាករវ័យ២៧ឆ្នាំត្រូវបានសួរនាំអំពីមិត្តរួមក្រុម Heung-min Son នោះ ស្រាប់តែរូបគេបានបញ្ចេញមតិដែលមានភាពរើសអើង ហើយបទសម្ភាសន៍នោះក៏ត្រូវចោទប្រកាន់ដោយ FA តែម្តង។

FA បានចេញសេចក្តីថ្លែងការណ៍ថា Rodrigo Bentancur បានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ និងប្រើពាក្យប្រមាថ ជាមួយនឹងការអត្ថាធិប្បាយ ដែលត្រូវបានវិនិច្ឆ័យថាជា ការបំពានយ៉ាងធ្ងន់ធ្ងរ នៃបទប្បញ្ញត្តិរបស់ FA ដោយសារតែវាសំដៅទៅលើការរើសអើងជាតិសាសន៍ទៅលើ Heung-min Son។

ចំពោះការចោទប្រកាន់នេះ Rodrigo Bentancur បានធ្វើ ការបដិសេធ ថាខ្លួនគ្មានបំណងប្រមាថទៅលើមិត្តរួមក្រុមនោះទេ និងថាវាជាការយល់ច្រឡំ។ បែបនេះក្តី FA នៅតែសម្រេចធ្វើការដាក់ពិន័យ រូបគេមិនអោយចូលលេង៧ប្រកួត និង ពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោនថែមទៀត។ Rodrigo Bentancur ក៏ត្រូវបាន FA តម្រូវអោយចូលរួមកម្មវិធីអប់រំស្តីអំពីការរើសអើងជាតិសាសន៍ផងដែរ។

អតីតសមាជិក Juventus រូបនេះ នឹងចាប់ផ្តើមអនុវត្តន៍ការពិន័យរបស់ខ្លួន ដោយមិនអាចចូលលេងការប្រកួតក្របខណ្ឌ Premier League របស់ Tottenham Hotspur ទល់នឹងក្រុម Manchester City, Fulham, Bournemouth, Chelsea, Southampton, Liverpool រួមទាំងការប្រកួតរបស់ Tottenham Hotspur ទល់នឹង Manchester United នៅវគ្គ៨ក្រុម ពានរង្វាន់ EFL Cup ផងដែរ។ Rodrigo Bentancur នឹងអាចវិលមកកាន់ការប្រកួតវិញបានពេល Tottenham Hotspur ត្រូវប៉ះ Nottingham Forest នៅក្របខណ្ឌ Premier League ថ្ងៃទី ២៦ ខែធ្នូ ខាងមុខ។

Rodrigo Bentancur ត្រូវបានចាត់ទុកជាកីឡាករសំខាន់មួយរូបក្នុងគម្រោងរបស់ គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou ដោយបានបង្ហាញខ្លួន១៤ប្រកួតគ្រប់កម្មវិធី នៅរដូវកាល ២០២៤-២៥នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង