×
ព័ត៌មានថ្មី

លោក Rúben Amorim ប្តេជ្ញាជួយ Man UTD ត្រឡប់ទៅរកភាពខ្លាំងវិញ

លោក Rúben Amorim បានមកដល់ Man UTD ហើយ នឹងត្រៀមរៀបចំក្រុមដើម្បីដំណើរការការប្រកួតបើកឆាករបស់ខ្លួន ប៉ះ Ipswich នៅក្របខណ្ឌ Premier League ចុងសប្ដាហ៍នេះ។

លោក Rúben Amorim បានកាន់តំណែងនៅ Man UTD ជំនួសលោក Erik ten Hag ដោយបានព្រមព្រៀងចុះកុងត្រាកាន់ការងារក្នុងកីឡដ្ឋាន Old Trafford រហូតដល់ ខែមិថុនា ឆ្នាំ២០២៧ ។

បុរសជនជាតិព័រទុយហ្កាល់ វ័យ ៣៩ឆ្នាំ គឺគ្រូបង្វឹកអចិន្ត្រៃយ៍ Man UTD ទី៧ ចាប់តាំងពីលោក Alex Ferguson បានចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។

គ្រូបង្វឹកល្បីឈ្មោះកន្លងមក បានព្យាយាមដឹកនាំ Man UTD ឈ្នះពានរង្វាន់ Premier League ប៉ុន្តែមិនទាន់មាននរណាអាចធ្វើបានសម្រេចនោះទេ។

សម្រាប់វត្តមានរបស់លោក Rúben Amorim ត្រូវបានអ្នកគាំទ្រ Man UTD សង្ឃឹមថា លោកនឹងអាចបំបែកភាពស្ងប់ស្ងាត់ ហើយជួយក្រុមបិសាចក្រហម គ្រងជើងឯកលីគកំពូលអង់គ្លេសសាជាថ្មី បន្ទាប់ពីខកខានឈ្នះពានរង្វាន់នេះតាំងពីឆ្នាំ២០១៣មក។

ទន្ទឹមនឹងការរំពឹងចង់បានរបស់អ្នកគាំទ្រ លោក Rúben Amorim ផ្ទាល់ក៏បានធ្វើការប្តេជ្ញា អំពីការខិតខំប្រឹងប្រែងរបស់លោកក្នុងការជួយក្រុម និងសន្យាដឹកនាំាក្រុមត្រឡប់ទៅរកភាពរុងរឿងវិញ។

មុនដឹកនាំក្រុមប្រកួតលើកដំបូងអតីតគ្រូបង្វឹក Sporting CP បានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ Man UTD ថា “មនុស្សគ្រប់គ្នាស្រេកឃ្លានជ័យជំនះ ខ្ញុំមានអារម្មណ៍ថា ទីនេះជាកន្លែងដែលខ្ញុំប្រាថ្នា ព្រោះខ្ញុំក៏ជាមនុស្សស្រេកឃ្លានជ័យជំនះដូចគ្នា។ អ្នកគ្រប់គ្នាជាចំណែកមួយសំខាន់សម្រាប់ក្លិប។ ខ្ញុំគិតថាទីនេះជាក្លិបដ៏ពិសេសមួយ សម្រាប់ខ្ញុំដែលមានគោលដៅតែមួយគឺជ័យជំនះហើយនឹងជួយក្លិបត្រឡប់ទៅភាពខ្លាំង ភាពរុងរឿងឡើងវិញ។”

លោក Ruben Amorim ត្រូវបានដឹងថា បានធ្វើការងារមួយចំនួនជាមួយកីឡាករ Man UTD ដែលមិនបានទៅលេងអោយក្រុមជម្រើសជាតិរបស់ពួកគេ អំឡុងការសម្រាកអន្តរជាតិកន្លងមក ហើយលោកកំពុងរង់ចាំជួបជុំជាមួយកីឡាករគ្រប់រូបដើម្បីប្រកាសពីការតាំងចិត្តរបស់លោកផងដែរ មុនលោកត្រូវដឹកនាំការប្រកួតលើកដំបូងរបស់ខ្លួន។

Man UTD បច្ចុប្បន្នកំពុងឈរលេខ១៣ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន១៥ពិន្ទុ ក្រោយឆ្លងកាត់ ១១ប្រកួត ឈ្នះ៤ ស្មើ ៣ ចាញ់៣។ រីឯគូប្រកួតរបស់ពួកគេនៅចុងសប្តាហ៍នេះ ដែលជាក្រុម Ipswich Town កំពុងឈរលេខ១៧មាន ៨ពិន្ទុ ក្រោយឆ្លងកាត់ ១១ប្រកួតដូចគ្នាដោយឈ្នះ១ស្មើ ៥ ចាញ់៥ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង