×

គ្រូ Man UTD ថ្មី ដឹកនាំការហ្វឹកហាត់ជាលើកដំបូងត្រៀមការប្រកួតចុងសប្តាហ៍នេះ

គ្រូបង្វឹក Man UTD ថ្មី លោក Ruben Amorim បានចូលដឹកនាំការហ្វឹកហាត់របស់ក្រុមលើកដំបូងនៅក្នុងទីលានហ្វឹកហាត់ Carrington បន្ទាប់ពីមកកាន់តំណែងជាផ្លូវការ។

បុរសជនជាតិព័រទុយហ្កាល់ វ័យ ៣៩ឆ្នាំ បានដឹកនាំការហ្វឹកហាត់ដំបូងរបស់ខ្លួន ប៉ុន្តែកីឡាករសំខាន់ៗមួយចំនួន គ្មានវត្តមានព្រោះជាប់ភារកិច្ចជួយក្រុមជម្រើសជាតិ។ ការហ្វឹកហាត់ ក្រោមការដឹកនាំរបស់ លោក Amorim រួមមានកីឡាករខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Casemiro។ ក្រុមការងារគ្រូបង្វឹករបស់លោក Ruben Amorim អំឡុងពេលដឹកនាំនៅក្លិប Sporting CP ក៏ទទួលបានការងារ នៅក្នុងក្រុមបង្វឹកនៅក្នុងក្លិប Man UTD។

ក្នុងការហ្វឹកហាត់របស់ក្រុមឈុតធំនោះ លោក Ruben Amorim ក៏បានកោះហៅកីឡាករយុវជនវ័យ ១៦ឆ្នាំ ម្នាក់ មានតួនាទីជាខ្សែការពារ Godwill Kukonki អោយចូលរួមហាត់បច្ចេកទេសលើកដំបូងក្រោមការដឹកនាំរបស់លោក។ កីឡាករវ័យ ១៦ឆ្នាំ មានកាយសម្បទា ស័ក្តិសមជាកីឡាករខ្សែការពារ ដោយមានវ័យនៅក្មេងរូបគេងាយនឹងឆាប់បាននូវចំណុចល្អៗពីការហ្វឹកហាត់។

មូលហេតុផ្សេងទៀត មានវត្តមានកីឡាករយុវជន ចូលមកហ្វឹកហាត់ជាមួយក្រុមធំ ក៏ព្រោះតែបច្ចុប្បន្នកីឡាករខ្សែការពារក្នុងក្លិប Man UTD កំពុងជួបបញ្ហារបួស ស្របពេលកីឡាករមួយចំនួនបានបន្តជួបបញ្ហារបួសជាថ្មីអំឡុងជួយជម្រើសជាតិ។ ចំណែកនៅការហ្វឹកហាត់ដំបូងនោះ ខ្សែបម្រើ Kobbie Mainoo ត្រូវបានគេប្រទះឃើញចូលរួមហ្វឹកហាត់ឡើងវិញ ក្រោយជាពីរបួសសាច់ដុំ ស្របពេលខ្សែបម្រើប្រយុទ្ធ Mason Mount ក៏លេចវត្តមានឡើងវិញដូចគ្នា។

នៅក្លិប Man UTD លោក Ruben Amorim ទទួលបានកិច្ចសន្យារយៈពេល ៣ឆ្នាំ ពោលនឹងត្រូវដឹកនាំក្រុមរហូតដល់បញ្ចប់ឆ្នាំ ២០២៧ ហើយភារកិច្ចសំខាន់របស់លោក គឺជួយក្រុមគេចចេញពីចំណាត់ថ្នាក់លេខ ១៣ ដែលបច្ចុប្បន្នក្រុមកំពុងឈរ បន្ទាប់ពីក្រុមឆ្លងកាត់ការប្រកួតមិនល្អក្រោមការកដឹកនាំរបស់លោក Erik ten Hag។

អតីតគ្រូបង្វឹក Sporting CP រូបនេះក៏នឹងត្រូវដឹកនាំក្រុមហ្វឹកហាត់ជាថ្មីបន្តទៀត នៅមុនពេលក្រុម Man UTD ត្រូវជួបតទល់នឹងក្រុម Ipswich Town ក្នុងជំនួបក្របខណ្ឌ Premier League នៅចុងសប្តាហ៍នេះ និងជាការដឹកនាំក្រុមប្រកួតជាផ្លូវការលើកដំបូងរបស់លោកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង