ខ្សែប្រយុទ្ធ Erling Haaland នៅសល់កុងត្រាជាមួយ Manchester City ដល់ឆ្នាំ២០២៧ ប៉ុន្តែពេលគិតមកដល់ពេលនេះក្លិបរហ្សនាមមេឃខៀវ បានរៀបចំបន្តកុងត្រាបន្ថែមបាត់ទៅហើយ ជាមួយការផ្ដល់ថ្លៃពលកម្មថ្ងៃបំផុតមួយនៅ ក្របខណ្ឌ Premier League ។
តាមរបាយការណ៍របស់ Manchester City នឹងផ្ដល់ថ្លៃពលកម្មប្រមាណ៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដែលជាចំនួនថ្លៃពលកម្មមួយថ្លៃបំផុតនៅលីគកំពូលអង់គ្លេស ខណៈ Kevin De Bruyne ទទួលបានថ្លៃពលកម្ម៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍ជាចំនួនថ្លៃពលកម្មថ្លៃបំផុតនាពេលបច្ចុប្បន្ន។
កុងត្រាថ្មីនោះមានន័យថា Haaland នឹងទទួលបានជាង៣០លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាសម្រាប់ថ្លៃពលកម្មបច្ចុប្បន្នដល់ឆ្នាំ២០២៧ គឺ Haaland នៅតែទទួលបានតម្លៃពលកម្មចាស់ប្រមាណ៣៧៥០០០ផោនក្នុងមួយសប្ដាហ៍។
ប្រសិនបើ កីឡាករន័រវេស វ័យ២៤ឆ្នាំ យល់ព្រមទទួលយកសំណើនេះ នោះរូបគេនឹងចុះកុងត្រាថ្មីជាមួយ Manchester City ចំនួន២រដូវកាលបន្ថែមទៀត ពោលគឺរហូតដល់រដូវកាល ២០២៨-២៩ ។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេសបានចង្អុលទៅបញ្ហាមួយដែលត្រូវដោះស្រាយ នោះគឺថ្លៃផ្តាច់កុងត្រាកីឡាករដែលបច្ចុប្បន្នមានតម្លៃ ១៥០លានផោន ។ Man City ចង់ដកថ្លៃផ្តាច់កុងត្រាចេញ ប៉ុន្តែភ្នាក់ងាររបស់កីឡាករចង់រក្សាទុក។ សារពត៌មាន The Daily Mirror ចង្អុលទៅដំណោះស្រាយសម្របសម្រួលដែលអាចកើតមាន នោះគឺថ្លៃផ្តាច់កុងត្រា នឹងត្រូវបានបង្កើនដល់ ២០០ លានផោន ។
Haaland បានឈ្នះពាន Premier League ២លើកហើយជាមួយ Manchester City និង ឈ្នះ Champions League ចំនួន១លើកជាមួយពានឯកជនផ្ទាល់ខ្លួនមានដូចជា Golden Boot និង ពានរង្វាន់កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ២លើកផងដែរ បន្ទាប់ពីផ្ទេរចូលមកកាន់ទឹកដី Etihad ត្រឹមតែ២រដូវកាល៕